ប្រហុកម្សៅ“ចាវ សួស្តី” ផលិតផលក្នុងខេត្តកំពង់ធំ កំពុងទទួលបានការគាំទ្រខ្លាំងគ្រាដែលពលរដ្ឋពហិការមិនប្រើប្រាស់ផលិតផលពីប្រទេសសៀម

កំពង់ធំ ៖ ប្រហុកម្សៅ“ចាវ សួស្តី”ដែលផលិតក្នុងខេត្តកំពង់ធំ កំពុងទទួលបានការគាំទ្រខ្លាំងគ្រាដែលពលរដ្ឋពហិការមិនប្រើប្រាស់ផលិតផលពីប្រទេសសៀម។នេះបើយោងតាមការលើកឡើងរបស់លោក ចាវ សួស្តី ស្ថាបនិកសិប្បកម្មកែច្នៃផលនេសាទ ចាវ សួស្តី ស្ថិតនៅភូមិជីមាស ឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

លោក ចាវ សួស្តី បានលើកឡើងថា ប្រជាពលរដ្ឋបានធ្វើ
ពហិការមិនប្រើប្រាស់ផលិតផលដែលនាំពីប្រទេសថៃទៀតទេ ហើយបានងាកមកប្រើប្រាស់ ផលិតផលក្នុងស្រុកវិញ ដែលធ្វើឱ្យម្សៅប្រហុកផលិតដោយដៃកូនខ្មែរមានទីផ្សារនិងមានការគាំទ្រខ្លាំងលើទីផ្សារ។ផលិតផលជលផលដែលផលិតក្នុងស្រុកពិសេសម្សៅប្រហុក(ចាវ សួស្តី)គឺត្រូវបានគិតពីគុណភាពជាចម្បង ហើយផ្តល់អត្ថប្រយោជន៍ខ្លាំងដល់សុខុមាលភាពអ្នកទទួលទានទាំងអ្នកនៅក្នុងស្រុក និងអ្នកនៅក្រៅប្រទេស។

ជាមួយនេះលោក ចាវ សួស្តី ក៏បានបញ្ជាក់ឱ្យដឹងថាសិប្បកម្មជលផល(ចាវ សួស្តី)បានចាប់ផ្តើមប្រកបរបរផលជលផលនៅឆ្នាំ២០២១ ដោយផលិតប្រហុកម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ទាំងគ្រឿងផ្សំនិងរសជាតិធានានូវ អនាម័យនិងគុណភាពសុវត្ថិភាព ដោយទទួលបានការគាំទ្រសម្ភារ:បរិក្ខាតាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ(ISF) គម្រោងCAPFISH-Capture គាំទ្រជំនួយបច្ចេកទេស លើការរៀបចំផែនការអាជីវកម្ម ការបណ្តុះបណ្តាលស្តីពីមូលដ្ឋានសុវត្ថិភាពម្ហូបអាហារ ការបង្វឹកដល់សហគ្រាស និងបុគ្គលិករបស់សិប្បកម្ម រួមទាំងដៃគូអាជីវកម្ម។ផលិតកម្មប្រហុកម្សៅបានប្រើប្រាស់ផលិតផលក្នុងស្រុក ផលិតពីត្រីឆ្តោផ្អាប់ជាមួយអំបិល ម្សៅអង្ករលីង ឬអង្ករលីងបន្ទំទុកក្នុងពាងខាប់ជាច្រើនខែ។ប្រហុកម្សៅនេះមានក្លិនឈួលមុត រសជាតិ ឆ្ងាញ់ដិតជាប់អណ្តាត ។ វត្ថុធាតុដើមសម្រាប់ផលិត ម្ចាស់សិប្បកម្មបានប្រមូលទិញត្រីពីអ្នកនេសាទនិងវារីវប្បករក្នុងស្រុក។ប្រហុកម្សៅមណ្ឌល ម្សៅត្រីប្រម៉ានិងផលិតផលប្រហុក ជាផលិតផលស្នូលរបស់សិប្បកម្មកែច្នៃផលនេសាទ។

លោក ចាវ សួស្តី បន្ថែមថាប្រហុក ចាវ សួស្តី បានកែច្នៃពីត្រីរ៉ស់ ត្រីឆ្តោ ត្រីប្រម៉ា និងកូនត្រីតូចៗ សម្រាប់ចែកចាយតាមទីផ្សារមានតម្លៃទាប និងមធ្យមក្នុងស្រុក។ហើយសិប្បកម្មនេះក៏មានដៃគូ ចែកចាយតាមបណ្តាខេត្តចំនួន៣០ និងកំពុងរៀបចំចុះបញ្ជីដើម្បីផ្គត់ផ្គង់ចូលទីផ្សារទំនើប និងអតិថិជននៅក្រៅប្រទេសផងដែរ។ប៉ុន្តែទន្ទឹមនិងមានការគាំទ្រខ្លាំងនេះដែរ សិប្បកម្មក៏បាននិងកំពុងប្រឈមចំពោះការខ្វះខាត ហេដ្ឋារចនាសម្ព័ន្ធដើម្បីកែលម្អនិងពង្រីកចង្វាក់ផលិតកម្មផងដែរ ដូចជាកន្លែងហាលសម្ងួត ម៉ាស៊ីនវេចខ្ចប់ ម៉ាស៊ីនច្រកផលិតផល ការផ្សព្វផ្សាយទីផ្សារ និងវិញ្ញាបនបត្រគុណភាព ផលិតផលជលផល (CQS)។តែទោះជាជួបបញ្ហាខ្លះក្តី សិប្បកម្មមួយនេះអាចមានសមត្ថភាពផលិតម្សៅប្រហុកបានច្រើនតោនក្នុងមួយឆ្នាំ ដើម្បីបំពេញដល់តម្រូវការអ្នកទទួលទាននិងអ្នកគាំទ្រ។

សូមបញ្ជាក់ថា សិប្បកម្មចាវ សួស្តី ទទួលបានការគាំទ្របន្ថែមលើប្រាក់កម្ចីមានការធានាដើម្បីជួយឱ្យសហគ្រាសកែលម្អទីតាំងនិងបរិក្ខារកែច្នៃរបស់ខ្លួនឱ្យបានប្រសើរឡើងរួមទាំងការទទួលបានវិញ្ញាបនបត្រសុវត្ថិភាពម្ហូបអាហារ (CQS) កែលម្អការហាលសម្អាតផលិតផលកាន់តែប្រសើរ រួមទាំង សម្ភារៈវេចខ្ចប់និងស្លាកសញ្ញាផលិតផលនិងបង្កើនសមត្ថភាពផលិតបានច្រើនតោនក្នុងមួយឆ្នាំ ជាមួយតម្លៃកាន់តែប្រសើរលើទីផ្សារ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This