នគរបាលក្រុងប៉ោយប៉ែតបើកប្រតិបត្តិការបង្ក្រាបទីតាំងផលិតទឹកកាធុម មួយកន្លែងឃាត់ខ្លួនជនជាតិថៃម្នាក់ និងពលរដ្ឋខ្មែរពីរនាក់
បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥បានបើកប្រតិបត្តិការ ឆ្មក់បង្ក្រាបទីតាំងផលិតទឹកកាធុម មួយកន្លែងដែលមានថៅកែជាជនជាតិថៃម្នាក់ត្រូវបាន ឃាត់ខ្លួនស្ថិតនៅចំណុសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការឆ្មក់បង្ក្រាបនេះធ្វើ ឡើងដោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ទៅលើទីតាំងផ្ទះពីល្វែង ដែលស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត បានឃាត់ខ្លួនស្ត្រីជាថៅកែជាជនជាតិថៃម្នាក់ និងពលរដ្ឋខ្មែរចំនួន០២នាក់ និងឧបករណ៍មួយចំនួន និងស្លឹកកាធុមជាច្រើននៅក្នុងទីតាំងផ្ទះខាងលើ ។
ក្រោយការបង្ក្រាប សមត្ថកិច្ចបាននាំខ្លួនស្ត្រីជាជនជាថៃ និងបុរសជាជនជាតិខ្មែរចំនួនពីរនាក់ រួមនិងវត្ថុតាងរួមមាន ៖ ឆ្នាំងខ្ទះ និងស្លឹកកាធុម និងឧបករណ៍សម្រាប់ផលិតទឹកកាធុមនេះជាច្រើន យកទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
តាមប្រភពព័ត៌មានដែលទទួលបាន គឺ ទីតាំងផលិតទឹកកាធុមនេះ បានលួចលាក់ផលិតជាច្រើនខែមកហើយ ដើម្បីចែកចាយនៅតាមទីតាំងម៉ាត ក៏ដូចជានៅតាមទីតាំងដទៃទៀតដែល ជាកន្លែងអនឡាញ ឬម៉ាតរបស់ជនជាតិថៃ ដែលនិយមប្រើប្រាស់ទឹកកាធុមនេះ ។
តាមការឲ្យដឹងពីសមត្ថកិច្ចកន្លងមក ទឹកការធុមនេះ គឺជាប្រភេទញៀន ដែលធ្វើឲ្យអ្នកផឹកញាណ និងប៉ះពាល់ដល់សុខភាព មិនខុសពីសារធាតុញៀននោះទេ ហើយកន្លងមកផងដែរ សមត្ថកិច្ចនគរបាល ក៏ដូចជាអាវុធហត្ថខេត្តបន្ទាយមានជ័យ តែងតែបង្ក្រាបជាបន្តបន្ទាប់ លើកទីតាំងផលិតទឹកកាធុម ដែលភាគច្រើន គឺ ជនជាតិថៃ ជាអ្នកផលិត ។
ជុំវិញហេតុការណ៍បង្ក្រាបទីតាំងផលិតទឹកកាធុមនេះ អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចមូលដ្ឋាន បាននោះទេ ហើយក៏មិនទាន់ដឹងថា នឹងមានការចាប់នីតិវិធីយ៉ាងចំពោះជនសង្ស័យដែលជាអ្នកបើកការផលិតខាងលើនោះឡើយ៕





