ស្ត្រី០២នាក់ រងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

បាត់ដំបង ៖ ស្ត្រី០២នាក់បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរវាងម៉ូតូ និងរថយន្ត នៅវេលាម៉ោង ២និង៤៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AX-2412 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៉ាក Kia Grandbird ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-0934 ប្រភេទដឹកអ្នកដំណើរ ម៉ានិត៨៩ បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាបណ្តាលអោយស្ត្រីខាងលើរងរបួសធ្ងន់ស្រាល រួចរថយន្តបន្តបើកគេចខ្លួនទៅដល់ចំណុចផ្សារ ភួ ពុយ ក៏ត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់ចាប់បានតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This