សមត្ថកិច្ចថៃ បង្រ្កាបការនាំចូលបារីគេចពន្ធជាច្រើនកញ្ចប់ ជាមួយយុវជនខ្មែរម្នាក់ នៅផ្សារណងព្រឺ ប្រឈមនឹងស្រុកមេឡៃ

បន្ទាយមានជ័យ ៖ បារីគេចពន្ធជាច្រើនកញ្ចប់ ដែលយុវជនខ្មែរម្នាក់ បាននាំឆ្លងដែនយកទៅលាក់ទុកនៅក្នុងទឹកដីថៃ នៃផ្សារណងព្រឺ ដើម្បីចែកចាយបន្ត ត្រូវបានកម្លាំងយោធាថៃបង្រ្កាបបានដោយនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនកម្ពុជាថៃ ឈមនឹងច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមឆនជ័យ។

បើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ ការឃាត់បារីគេចពន្ធនេះ គឺធ្វើឡើងដោយកម្លាំងយោធាកងរយលេខ ១២០៤ កាលពីយប់ម៉ោង៣ ចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែងលេខ A១០ ស្ថិតក្នុងផ្សារណងព្រឺ ក្នុងឃុំបានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃ។

យុវជនដែលត្រូវថៃឃាត់ខ្លួនមានឈ្មោះ ប៊ុន មួន  អាយុ ២៨ ឆ្នាំ គ្មានឯកសារពាក់ព័ន្ធណាមួយដែលបញ្ជាក់ថាយុវជនរូបនេះចូលទៅរស់នៅក្នុងទឹកដីថៃ ដោយស្របច្បាប់ឡើយ ។ ហើយនៅក្នុងបន្ទប់ជួលនោះកម្លាំងយោធាថៃ បានរកឃើញទំនិញ ចំនួន ៤ការ៉ុង នៅក្នុងនោះគឺមានបារីចំនួន៧យីហោ ដែលមានម៉ាក CAPITEL , MOND (19 g ) , 235 ,  TEXAS 5 , CANYON , MOND ( 10 g ) និង DJ រួមទាំងអស់ ៤.១០០ កញ្ចប់ ។

ក្រោយឃាត់ខ្លួនរួចមក សមត្ថកិច្ចថៃ បានបញ្ជូនយុវជនរូបនោះរួមទាំងវត្ថុតាង ទៅកាន់ទីស្នាក់ការគយ និងរដ្ឋាករ ស្រុកអារញ្ញប្រាថេត ដើម្បីអនុវត្តតាមនីតិវិធី ។

សូមបញ្ជក់ថា ជាបន្តបន្ទាប់ស្ទើរាល់ថ្ងៃបទល្មើសឆ្លងដែនទៅមកពីថៃ ទៅកម្ពុជា រួមមានការរត់ពន្ធទំនិញដូចជាបារី សាច់បង្កក និងទំនិញចាប់ហួយ ព្រមទាំងការនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ក្នុងស្ថានភាពប្រទេសទាំងពីរហាមឃាត់ នៅតែមានមេខ្យល់ និងឈ្មួញអាចលួចលាក់ប្រព្រឹត្តបទល្មើសបាន ជាពិសេសនៅភូមិសាស្រ្តស្រុកម៉ាឡៃ ទាំងសមត្ថកិច្ចកម្ពុជា ថៃ ក៏បង្រ្កាប់បានផងដែរ។

ចំពោះករណីនេះផងដែរ បើតាមនគរបាលការពារព្រំដែនគោកប្រចាំប៉ុស្តិ៍ច្រកតំបន់ម៉ាឡៃ បានអោយដឹងថា ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមជំនាញថា តើការនាំបារីខាងលើចូលតាមណា និងជនសង្ស័យដែលត្រូវថៃឃាត់ខ្លួន មានទីលំនៅទីណា ៕

CATEGORIES
Share This