គម្រោង Capfish-Capture សិប្បកម្ម អ៉ី ពៅ ក្នុងខេត្តកំពង់ចាម អាចផលិតកែច្នៃត្រីងៀត និងផ្អកបាន ៤ម៉ឺនគីឡូក្រាម ក្នុងមួយឆ្នាំ និងទាញប្រាក់ចំនេញបាន ៧ពាន់ដុល្លាសហរដ្ឋអាមេរិក ក្នុងមួយខែ
កំពង់ចាម ៖ សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ បង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ហើយបានចុះបញ្ជីជាមួយមន្ទីរឧស្សាហកម្ម វិទ្យា សាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម ក្នុងឆ្នាំ២០២៣។ការពង្រឹងខ្លួនរហូតទទួលបានវិញ្ញាបនបត្របញ្ជាក់ “ភាពអនុលោមតាមលក្ខខណ្ឌតម្រូវការ នៃនិមិត្តសញ្ញាគុណភាពផល ផលិតផល ជនផលកម្ពុជា (CQS)” បានធ្វើសិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ មានទីតាំងស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម អាចចាប់បានទីផ្សារនៅប្រទេសអាមេរិក អូស្ត្រាលី កាណាដា និងបារាំង ដោយនាំយកផលិតផលនេសាទកែច្នៃ ទៅកាន់ប្រទេសទាំង៤នេះ ក្នុងមួយឆ្នាំៗរាប់សិបតោន។
លោកស្រី ទូច ពៅ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ បានឱ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២ ដោយដំបូងឡើយ ធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ ហើយបានប្រាក់ចំណូលទាប ប៉ុន្តែបច្ចុប្បន្ននេះក្រោមគម្រោងCapfish-Capture សិប្បកម្មអ៉ីពៅបានបោះជំហានចូលទីផ្សារដែលមានតម្លៃខ្ពស់ និងមានអនិកជនខ្មែរនៅក្រៅប្រទេសបានគាំទ្រ ខណៈ:ផលិតផលជលផលកែច្នៃក្នុងសិប្បកម្មនេះត្រូវបានផលិតនិងប្រើប្រាស់បច្ចេកទេសទំនើបធានាទាំងគុណភាព សុវត្ថិភាព និងអនាម័យ។
លោកស្រីបានបន្តថា សិប្បកម្មអ៉ីពៅ សព្វថ្ងៃនេះបានផលិតនិងកែច្នៃផលិតផលត្រីងៀត និងផលិតផលផ្អាប់ មានដូចជា ប្រហុក និងម៉ាំ កែច្នៃពីត្រីប្រា ត្រីរ៉ស់ ត្រីឆ្ដោ ត្រីកំភ្លាញ ត្រីឆ្លូញ និងត្រីកេសជាដើម ហើយក្នុងមួយឆ្នាំៗការផលិតកែច្នៃត្រីបានប្រមាណ៣០តោន ហើយអាចរកចំណូលបានជាង ៧ពាន់ដុល្លារក្នុងមួយខែៗ។
ទន្ទឹមនិងការកែច្នៃហើយទាញចំណូលបានច្រើននេះ លោកស្រី ទូច ពៅ បានបញ្ជាក់ឱ្យដឹងផងដែរថា សិប្បកម្មអ៉ីពៅអាចដំណើរផលិត កែច្នៃផលិតផលជលផលបានច្រើនបែបនេះក៏ដោយសារតែមានការផ្គត់ផ្គង់ត្រីស្រស់ពីវារីវប្បករក្នុងខេត្ត ប្រជានេសាទ ឈ្មួញ និងសមាជិករបស់សមាគមវារីវប្បករកម្ពុជា ដែលបច្ចុប្បន្នសិប្បកម្ម បាន និងកំពុងពង្រីកការលក់ នៅតាមទីផ្សារកសិផលធម្មជាតិនៅភ្នំពេញ និងពលរដ្ឋខ្មែររស់នៅឯបរទេស។
បើតាមអ្នកស្រី ទូច ពៅ បានបញ្ជាក់ឱ្យដឹងថា ត្រីងៀត លក់ជាមធ្យមប្រចាំឆ្នាំគឺពី៣ម៉ឺន៧ពាន់គីឡូក្រាម ទៅ ៣ម៉ឺ៨ពាន់ គីឡូក្រាម ក្នុងមួយឆ្នាំ តាមគុណភាព និងតម្លៃខុសៗគ្នា អាស្រ័យតាមប្រភេទត្រីយកមកកែច្នៃ ការវេចខ្ចប់ និងការបញ្ជាទិញរបស់អតិថិជន។
ជាមួយនិងការបញ្ជាទិញច្រើនក្នុងមួយឆ្នាំៗ អ្នកស្រី អ៉ី ពៅ ក៏បានឱ្យដឹងពីកង្វះខាតសម្ភារ និងបរិក្ខារសំខាន់ៗមួយចំនួនដែលបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្មផងដែរ ដូចជាឧបករណ៍សម្អាត ម៉ាស៊ីនអ៊ុតបឺតខ្យល់ ទូត្រជាក់ ម៉ាស៊ីនវេចខ្ចប់និងបិតស្លាកសញ្ញា។
បន្ទាប់ពីមានកិច្ចគាំទ្ររបស់គម្រោង CAP FISH-Capture ចំពោះសហគ្រាសដើម្បីបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារ ម្ចាស់សិប្បកម្មនេះ គ្រោងនឹងទិញឧបករណ៍ហាលសម្អាត ក្នុងបន្ទប់សម្អាតអនាម័យ ដើម្បីបង្កើនទាំងសមត្ថភាពផលិត និងធានាសុវត្ថិភាពអនាម័យ ឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់CQS រួមទាំងការកែសម្រួលសម្ភារវេចខ្ចប់និងស្លាកសញ្ញា ៕










ដោយ ៖ ប៊ុត សារុន