លោក ភួង ផុន និងលោកស្រី រ៉េម ប៉ុក ព្រមទាំងកូនបង្កើតនិងកូនប្រសារ បាននាំយកត្រៃចូលរួមដង្ហែអង្គកឋិនទាន វត្តទេព្វសុវណ្ណបទុមរតនារាម (ហៅវត្តដូនបា)
បាត់ដំបង ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ លោក ភួង ផុន និងលោកស្រី រ៉េម ប៉ុក ព្រមទាំងកូនបង្កើតនិងកូនប្រសារ បាននាំយកត្រៃចូលរួមដង្ហែអង្គកឋិនទាន ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តទេព្វសុវណ្ណបទុមរតនារាម (ហៅវត្តដូនបា) ស្ថិតនៅក្នុងភូមិដូនបា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីរួបរួមកសាងសមិទ្ធិផលនានាបន្ថែមទៀត។
បើតាមការលើកឡើងរបស់លោកអាចារ្យ គណៈកម្មការវត្ត បានអោយដឹងថា ពិធីបុណ្យកឋិនទាន ជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដូច្នេះហើយទើបព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋ ពុទ្ធបរិស័ទខ្មែរយើងតែងតែនាំគ្នាប្រារព្ធធ្វើតាំងពីសម័យដើមមក ហើយបង្កើតបានជាសាមគ្គីភាពសង្គមមួយជួយទ្រទ្រង់វិស័យក្នុងគោលបំណងសំខាន់គឺ ការនាំយកសំពត់ចីវរ និងបរិក្ខារនានាទៅវេរប្រគេនព្រះសង្ឃតាមវត្តអារាម។
ជាកិច្ចបញ្ចប់នៃពិធីបុណ្យអង្គកឋិនទាន វត្តទេព្វសុវណ្ណបទុមរតនារាម (ហៅវត្តដូនបា) ម្ចាស់អង្គកឋិន និងពុទ្ធបរិស័ទ បាននាំត្រៃប្រគេនព្រះសង្ឃចំនួន ៤៤ត្រៃ , បច្ច័យសង្កត់ត្រៃចំនួន ១០៤១០០០០រៀល , និងបច្ច័យសម្រាប់កសាង ចំនួន ៩២៥០០០០រៀល ៕












ដោយ ៖ សាលី


