យុវជនម្នាក់ ត្រូវរថយន្តព្រូសបុកពេញទំហឹង គ្រាជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន
កំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវរថយន្តព្រូសបុកពេញទំហឹង គ្រាដែលជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន។ហេតុការណ៍បានកើតឡើងនៅម៉ោង៩និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លើកំណាត់ផ្លូវជាតិលេខ៤១ គីឡូម៉ែត្រលេខ២១ មុខវត្តឧដុង្គមានជ័យ ភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
យោងតាមសម្តីមន្ត្រីនគរបាលចរាចរណ៍ស្រុកគងពិសីបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ាវ វិសា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិប្រវត្តិពង ឃុំទឹកល្អក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រីមសង់១២៥ឆ្លងផ្លូវ ឆ្លងជិតហើយស្រាប់តែរថយន្តព្រូស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AH-1885បោះពួយយ៉ាងលឿនក៏បុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះប៉ើងចេញ ម៉ូតូរងការខូចខាតធ្ងន់ធ្ងរ។ភ្លាមនោះ សមត្ថកិច្ចក៏បានដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកគងពិសីដើម្បីសង្គ្រោះបន្ទាន់។
មន្ត្រីនគរបាលចរាចរណ៍ក៏បានបញ្ជាក់បន្ថែមថា ចំពោះជនបង្កជាអ្នកបើករថយន្តព្រូសត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំនិងសម្របសម្រួលដោះស្រាយតាមនីតិវិធីច្បាប់៕




ដោយ ៖ មាស សំអូន


