ឃាត់ខ្លួនមេខ្យល់០១នាក់ និងពលករ០៧នាក់ ខណៈលបលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់
បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ មានវរសេនាតូចលេខ ៥៣៣ និងប៉ូលីសប៉ុស្តិ៍កូនភ្នំ៨១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមេខ្យល់ចំនួន ០១នាក់និងពលករប្រុសស្រីចំនួន០៧នាក់ខណៈពួកគេកំពុងលបលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិចំការល្ហុង ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនមេខ្យល់០១នាក់ឈ្មោះ នុន ម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងពលករចំនួន០៧នាក់ទៀតផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យជាមេខ្យល់ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃ០១ គ្រឿង ត្រូវបានអាវុធហត្ថស្រុក បញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ៕





ដោយ ៖ សាលី


