ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតប្រចាំកូរ៉េបានអនុញ្ញាតជូនលោក Lee Seung An និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមពិភាក្សាការងារ

ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកូរ៉េ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Lee Seung An នាយកប្រតិបត្តិអង្គការ International WeLoveU Foundation និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល បរិស្ថាន និងអប់រំ ដែលអង្គការបានអនុវត្តនៅកម្ពុជាកន្លងមក។

ឯកឧត្តម ឃួន ផុនរតនៈ បានសម្តែងការសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការនេះ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ និងការផ្តល់ឱកាសសិក្សាបន្តនៅកូរ៉េដល់និស្សិតកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Lee ដែលបានបង្ហាញពីការស្រលាញ់ និងគោរពរាប់អានប្រជាជនកម្ពុជា ដោយមានចំណាប់អារម្មណ៍យកចិត្តទុកដាក់ខ្ពស់ចំពោះប្រទេសកម្ពុជា។

ឯកឧត្តម និងលោក Lee ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់លើគម្រោងសក្តានុពលនានា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងអង្គការ International WeLoveU Foundation ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ៕

CATEGORIES
Share This