(វីដេអូ) ៖ ពុំដឹងមានមូលហេតុអ្វី សុខៗ មានជនបរទេសរត់ចេញពីក្នុងអាគារមួយកន្លែង នៅក្រុងប៉ោយប៉ែត

ប៉ោយប៉ែត ៖ ជនបរទេសជាច្រើននាក់ ដែលភាគច្រើនគេស្គាល់ថាជាជនជាតិឥណ្ឌូនេស៊ី បានរត់ចេញពីទីតាំងអាគារកម្ពស់ច្រើនជាន់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំដឹងមូលហេតុ ។

ហេតុការណ៍ដែលមានជនបរទេស រត់ចេញពីទីតាំងអគារដែលហ៊ុំព័ទ្ធដោយរបងបិទជិតខាងលើនេះ បានកើតឡើងកើតកាលពីម៉ោង១១ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ជុំវិញហេតុការណ៍នេះ មានប្រភពជាច្រើនបានអះអាងផ្សេងៗគ្នា ក្នុងនោះ បើយោងតាមប្រភពពី ខាងក្រៅកន្លែងកើតហេតុ និងតាមរយៈរូបភាពវីដេអូមួយចំនួន បានឲ្យដឹងថា ពិតជាមានជនបរទេសជាង ២០នាក់ ដោយភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី បាននាំគ្នារត់ចេញពីក្នុងអាគារខាងលើពិតមែន ។ ក្នុងនោះក៏ឃើញមានដូចជា ជនជាតិចិន ហាក់មានការប្រទាញប្រទង់គ្នា នៅនឹងមុខទ្វាចូលនៃទីតាំងអគារនោះដែរ ដោយពុំដឹងថា មូលហេតុអ្វីនោះទេ ។

ដោយឡែកបើតាមប្រភពផ្សេងទៀត ដែលសុំមិនបញ្ចេញឈ្មោះ ជាសន្តិសុខនៅទីតាំងអគារខាងលើបានឲ្យដឹងថា ទីតាំងនៃអាគារដែលកើតហេតុនេះ គឺជា ទីតាំងអាគារជួលរបស់ជនជាតិចិន ហើយដោយមានជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅប្រកបការងារអនឡាញ បានលួចលុយជនជាតិចិន បង្កឲ្យជនជាតិចិនប្រើហិង្សា វាយទៅលើជនជាតិឥណ្ឌូនេស៊ី ក៏ត្រូវបានក្រុមជនជាតិឥណ្ឌូនេស៊ី ធ្វើការប្រឆាំងហើយក៏កើតជារឿងនាំគ្នាចេញមកខាងក្រៅតែម្ដង ។ ដោយឡែកបើតាមប្រភពពីស្ត្រីម្នាក់ ដែលអះអាងថា ខ្លួនធ្វើការនៅខាងក្នុងហ្នឹងបាននិយាយថា មិនមានករណីហេតុការណ៍អីកើតឡើងទេ គឺជារឿងធម្មតា ដែលជនជាតិឥណ្ឌូនេស៊ី ចេញទៅក្រៅទិញអីធម្មតាតែប៉ុណ្ណោះ ។

ក្រោយហេតុការណ៍នេះកើតឡើង ក៏មានសមត្ថកិច្ចនគរបាលបាន ចុះទៅទីតាំងនោះផងដែរ តែពុំមានការបញ្ជាក់ ឬផ្ដល់ព័ត៌មានណាមួយ ពីសមត្ថកិច្ចអោយអ្នកព័ត៌មានបានដឹងនោះឡើយ ។

ទាក់ទងនឹងករណីនេះផងដែរ អ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនង សូមការបំភ្លឺពីលោក អេង លីហួរ ស្នងការរងទទួលការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តាមរយៈតេឡេក្រាមរបស់លោកដែរ តែពុំមានការឆ្លើយតប អោយអ្នកព័ត៌មានបានដឹងថា ជាករណីអ្វីពិតប្រាកដនោះទេ ៕

CATEGORIES
Share This