បន្ធូរបន្ថយទោសទណ្ឌិតក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ១៥នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៥

បន្ទាយមានជ័យ ៖ ទណ្ឌិតប្រុសស្រី ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ១៥នាក់ ត្រូវបានប្រកាសបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យ ឯករាជ្យជាតិ ៩  វិច្ឆិកា  ឆ្នាំ២០២៥ ។

ការប្រកាស់ព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ ទំនប់ជ្រៃ សង្កាត់ទឹកថ្លា  ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន ជនជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ មានចំនួន ៣.១៥៤នាក់ ស្រី ៣០០នាក់, អនីតិជនមានចំនួន ៥១៦នាក់ ស្រី៥នាក់, ជនបរទេសមានចំនួន ៥៥៣ ស្រី ២៣៦នាក់ ។ ការងារអប់រំ និងស្តារនីតិសម្បទារ អង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ លើគោលនយោបាយកំណែទម្រង់ពន្ធនាគារ គឺការអប់រំកែប្រែ និងស្តារនីតិសម្បទា ដល់ជនជាប់ឃុំដែលមានអប់រំផ្លូវចិត្ត រៀនអក្សរខ្មែរថ្នាក់ទី១ និងថ្នាក់ទី២ និង អង្គភាពបានយកចិត្តទុកដាក់ ធ្វើការបែងចែកចំណាប់ថ្នាក់សន្តិសុខ ដែលជាមូលដ្ឋាន សម្រាប់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតស្របតាមនីតិវិធី ។

លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការបន្ធូបន្ថយទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ចំនួន១៥នាក់ ស្រី១នាក់ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំ២០២៥ នេះ សម្រាប់អ្នកទោសចេះកែខ្លួន និងជិតផុតកំណត់ នឹងបានចេញពីពន្ធនាគារក្នុងពេលឆាប់ៗនេះ។ ក្នុងនោះ លោកបានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រស់ជាតិជាប់គុកហើយ ចេញមកវិញ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួល ៕

CATEGORIES
Share This