ប្រគល់ផ្ទះកាកបាទក្រហមកម្ពុជា ទី២៤ ជូនលោកស្រី នួន សុភី ជាស្ត្រីមេម៉ាយក្រីក្រមានបន្ទុកច្រើន
បន្ទាយមានជ័យ ៖ ផ្ទះ១ខ្នង ទទឹង ៤ម៉ែត្រ បណ្តោយ ៧ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រ សង់ពីដែក ប្រក់ និងជញ្ជាំងស័ង្កសី ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ទី២៤ ត្រូវបានប្រគល់ជូនលោកស្រី នួន សុភី ជាស្ត្រីមេម៉ាយក្រីក្រមានបន្ទុកច្រើន ។
ពិធីប្រគល់ផ្ទះនេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅនឹងទីតាំងផ្ទះស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ។
លោកស្រី មឿត លាភា នាយិការរងប្រតិបត្តិសាខា បានឲ្យដឹងថា ក្រុមប្រតិបត្តិសាខា រួមសហការជាមួយ អនុសាខាក្រុងសិរីសោភ័ណ និងអាជ្ញាធរមូលដ្ឋាន បានចុះប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ នួន សុភី ដែលជាស្ត្រីមេម៉ាយ អាយុ៥២ឆ្នាំ រស់នៅមានភាពក្រីក្រ ឯផ្ទះរបស់គាត់ ត្រូវរងគ្រោះដោយដើមឈើដូលសង្កត់ ម្យ៉ាងទៀត គ្រួសារគាត់មានអ្នករស់នៅក្នុងបន្ទុកចំនួន ០៩នាក់ ស្រី ០៤នាក់ ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ការផ្តល់ផ្ទះថ្មីនេះ ជាផ្ទះមនុស្សធម៌របស់សាខាកាកបាទក្រហម ដែលមានលក្ខណៈសមរម្យ រឹងមាំ អាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត គិតមកដល់ពេលនេះសាខាកាកបាទក្រហមខេត្ត បានអនុវត្តសង់ផ្ទះ ជូន ពលរដ្ឋ បានចំនួន២៣ខ្នងរួចមកហេីយ ហើយនេះគឺជា ផ្ទះទី២៤ ។ មួយវិញទៀត ការអនុវត្តគម្រោងសាងសង់ផ្ទះជូនគ្រួសារក្រីក្រ ខ្វះខាត ពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ។
គួរបញ្ជាក់ថា ក្រៅពីប្រគល់ផ្ទះក៏មានអំណោយជូនម្ចាស់ផ្ទះ រួមមានអង្ករ ៥០គីឡូក្រាម, ត្រីខ១០កំប៉ុង, មីជាតិ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មុង១ ភួយមួ១ សារុង១ ក្រមា១, ទឹកសុទ្ធ ៥យួរ, ធុងទឹក៦០លីត្រ ១, ឆ្នាំង២ ចាន៥ ស្លាបព្រា៥, កន្ទេល១ រួមនិងថវិកាមួយចំនួន ។ ដោយឡែកសម្រាប់លោកតា លោកយាយ ដែលបានចូលរួម ចំនួន២០នាក់ម្នាក់ៗ ទទួលបានក្រមា១, ប្រេងកូឡា១, និងថវិកាមួយចំនួន ៕








