មេអាវុធហត្ថខេត្តកំពង់ស្ពឺ ជម្រុញឱ្យមន្ត្រីជំនាញបង្កើនការចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀននិងក្មេងទំនើងនៅតាមសាលារៀន ជាជាងការបង្ក្រាប
កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការណែនាំទៅដល់កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសឱ្យបង្កើនការចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងនៅតាមសាលារៀន ប្រសើរជាងការបង្ក្រាប ដែលផ្តល់ផលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារ។
នេះបើយោងតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក្នុងឱកាសចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលការចូលរួមពីសិស្សានុសិស្ស ចំនួន២៧០៧នាក់ លោកគ្រូ អ្នកគ្រូ១០៣នាក់ ក្រោយការសម្របសម្រួលពីក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោ ណុល ដារ៉ា បានលើកឡើងថា លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតកូនក្មួយដោយមិនចង់ធ្វើការបង្ក្រាបនិងចាប់ខ្លួនយកមកអនុវត្តទោស ដែលនាំឱ្យខូចអនាគតនិងប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃក្រុមគ្រួសារនោះទេ។ដោយការគិតគូនេះលោកឧត្តមសេនីយ៍បានផ្ញើសារអប់រំមកថា(ដើម្បីអនាគតរបស់ក្មួយៗ សូមគេចឱ្យឆ្ងាយពីគ្រឿងញៀន និងដកខ្លួនចេញពីក្រុមបងតូច បងធំជាបន្ទាន់)ព្រោះច្បាប់មិនដែលលើកលែងឱ្យក្មួយៗដែលពាក់ព័ន្ធនិងអំពើល្មើសឡើយ។
បន្ថែមពីនេះ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺលោក ណុល ដារ៉ា បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយជាប្រចាំនៅគ្រប់វិទ្យាល័យនិងគ្រប់សាលា គឺដើម្បីជាសារក្រើនរំឭក ដាស់តឿនទៅដល់កូនក្មួយជាសិស្សានុសិស្សបានយល់ដឹងពីផលប៉ះពាល់នៃការសេពនិងប្រើប្រាស់គ្រឿងញៀន ពិសេសគឺសកម្មភាពក្មេងទំនើងដែលបង្កអសន្តិសុខក្នុងសង្គម។ហើយសារនេះក៏ជាប្រយោជន៍អាចជួយឱ្យយុវជនយើងយល់ដឹង និងជៀសវាងការប្រើប្រាស់នូវសារធាតុញៀននេះនិងអាចកាត់បន្ថយអំពើឧក្រិដ្ឋ ដូចជាលួចឆក់ ប្លន់ ឬហិង្សាក្នុងគ្រួសារ និងប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទៀតផង។ទន្ទឹមនេះយើងជាសមត្ថកិច្ចបានរំពឹងថាការអប់រំ ផ្សព្វផ្សាយនិងជួយកាត់បន្ថយបញ្ហា ពង្រឹងសុខភាពផ្លូវចិត្ត និងរាងកាយយុវជនដែលមិនប្រើគ្រឿងញៀនមានសុខភាពល្អ មានសមត្ថភាពរៀនសូត្រ និងធ្វើការបានល្អ ដែលជាការការពារដ៏ប្រសើរ ។
ជាមួយនោះដែរលោកវរសេនីយ៍ទោ ណុល ដារ៉ា ក៏បានលើកឡើង ដោយបង្ហាញពីឱកាសនិងអនាគតយុវជនដែលមិនជាប់គ្រឿងញៀនថា យុវជនជាសសរទ្រូងនៃសង្គមជាតិ សង្គមជាតិមានភាពរឹងមាំគឺដោយសារតែធនធានមនុស្ស ពិសេសគឺយុវជនគ្រប់ជំនាន់នេះហើយ។ ដូច្នេះសូមយុវជនទាំងអស់ត្រូវដកខ្លួន ជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាក ចង់ដឹងឬភ្លក្សគ្រឿងញៀនឱ្យសោះ ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន មួយវិញទៀតត្រូវបញ្ឈប់រាល់សកម្មភាពនានានៃការប្រមូលផ្តុំបង្កើតជាក្រុមក្មេងទំនើងដែលរាជរដ្ឋាភិបាលបាននិងកំពុងលុបបំបាត់ ៕












ដោយ ៖ ប៊ុត សារុន


