ប្រគល់ផ្ទះកាកបាទក្រហមកម្ពុជា ទី២៤ ជូនលោកស្រី​ នួន​ សុភី ជាស្ត្រីមេម៉ាយក្រីក្រមានបន្ទុកច្រើន

បន្ទាយមានជ័យ ៖ ផ្ទះ​១ខ្នង​ ទទឹង​ ៤ម៉ែត្រ បណ្តោយ​ ៧ម៉ែត្រ កម្ពស់​ ៣,៨ម៉ែត្រ សង់ពីដែក ប្រក់ និងជញ្ជាំងស័ង្កសី ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ទី២៤ ត្រូវបានប្រគល់ជូនលោកស្រី​ នួន​ សុភី ជាស្ត្រីមេម៉ាយក្រីក្រមានបន្ទុកច្រើន ។

ពិធីប្រគល់ផ្ទះនេះធ្វើឡើងនៅព្រឹកថ្ងៃទី​១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ នៅនឹងទីតាំងផ្ទះស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព​ឯកឧត្តម​ អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត​បន្ទាយមានជ័យ ។

លោកស្រី​ មឿត​ លាភា​ នាយិការរងប្រតិបត្តិសាខា​ បានឲ្យដឹងថា ក្រុមប្រតិបត្តិសាខា​ រួមសហការជាមួយ​ អនុសាខាក្រុងសិរីសោភ័ណ និងអាជ្ញាធរមូលដ្ឋាន បានចុះប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ​ នួន​ សុភី​ ដែលជាស្ត្រីមេម៉ាយ អាយុ​៥២​ឆ្នាំ រស់នៅមានភាពក្រីក្រ​ ឯផ្ទះរបស់គាត់ ត្រូវរងគ្រោះដោយដើមឈើដូលសង្កត់​  ម្យ៉ាងទៀត​ គ្រួសារគាត់មានអ្នករស់នៅក្នុងបន្ទុកចំនួន ០៩​នាក់ ស្រី ០៤នាក់ ។

ឯកឧត្តម​ អ៊ុំ រាត្រី​ បានមានប្រសាសន៍ថា​ ការផ្តល់ផ្ទះថ្មីនេះ​ ជាផ្ទះមនុស្សធម៌របស់សាខាកាកបាទក្រហម​ ដែលមានលក្ខណៈសមរម្យ រឹងមាំ អាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត​ គិតមកដល់ពេលនេះសាខាកាកបាទក្រហមខេត្ត បាន​អនុវត្តសង់ផ្ទះ ជូន ពលរដ្ឋ បានចំនួន២៣ខ្នងរួចមកហេីយ​ ហើយនេះគឺជា ផ្ទះទី២៤​ ។ មួយវិញទៀត ការអនុវត្តគម្រោងសាងសង់ផ្ទះជូនគ្រួសារក្រីក្រ ខ្វះខាត ពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ។

គួរបញ្ជាក់ថា ក្រៅពីប្រគល់ផ្ទះក៏មានអំណោយជូនម្ចាស់ផ្ទះ រួមមានអង្ករ​ ៥០គីឡូក្រាម, ត្រីខ១០កំប៉ុង, មីជាតិ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មុង១ ភួយមួ១ សារុង១ ក្រមា១, ទឹកសុទ្ធ ៥យួរ​,  ធុងទឹក៦០លីត្រ​ ១, ឆ្នាំង២​ ចាន​៥​ ស្លាបព្រា៥​, កន្ទេល១ រួម​និងថវិកាមួយចំនួន ។ ដោយឡែកសម្រាប់លោកតា​ លោកយាយ​ ដែលបានចូលរួម ចំនួន​២០នាក់ម្នាក់ៗ​ ទទួលបានក្រមា១, ប្រេងកូឡា១, និងថវិកាមួយចំនួន ៕

CATEGORIES
Share This