សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាគ្រូបង្រៀន៥តុលា ដោយសម្តេចបានចាត់ទុកថា គ្រូបង្រៀនជាមាតាបិតាទី២
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរទិ«វាគ្រូបង្រៀង៥តុលា» ខណៈទិវានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យប្រារព្ធអស់រយៈពេល២៥ឆ្នាំហើយ (៥តុលា ១៩៩៧–៥តុលា ២០២២)។
តាមរយៈសង្គមហ្វេសបុកនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា អបអរសាទរទិវាគ្រូបង្រៀន ឆ្នាំ២០២២។ ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាយើង បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្សចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។
សម្តេច បានលើកឡើងទៀតថា «គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី»។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទំាងធនធានមនុស្ស និងហេដ្ឋាចរនាសម្ព័ន្ធ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍន៍ប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ៕