សមត្ថកិច្ច បញ្ជូនជនជាតិចិនម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសនាំគ្រឿងញៀនជាង ១គីឡូក្រាមទៅប្រទេសថៃ
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នា២០២២នេះ បានបញ្ជូនខ្លួនជនជាតិចិនម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីពាក់ព័ន្ធករណី បម្រុងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ចេញពីកម្ពុជាទៅប្រទេសថៃ និងរឹបអូសគ្រឿងញៀនបានជាង ១គីឡូក្រាម ។
មន្រ្តីជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ LI CHENG YE ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។
គួររំលឹកថា កាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសំឡេង នៅគោលដៅច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ប្រទះឃើញសារធាតុញៀនប្រភេទ កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ជាង១ គីឡូក្រាមដែលជនសង្ស័យបម្រុងនាំឆ្លងដែនទៅកាន់ប្រទេសថៃ។
បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕