ឯកឧត្តម សុខ លូ បន្តចុះជួបសំណេះសំណាលនិងនាំយកអំណោយ សម្ដេច ហ៊ុន សែន ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៥០០គ្រួសារ នៅស្រុកសង្កែ

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០គ្រួសារ មកពីឃុំចំនួន១០ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដោយពិធីនេះបានរៀបចំឡើងនៅបរិវេណសាលាស្រុកសង្កែ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនពួកគាត់ឱ្យបានទាន់ពេលវេលា ហើយឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់ជូនជាគ្រាប់ពូជស្រូវ ជាអង្ករ និងជាគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការរៀបចំបន្តជូនប្រជាពលរដ្ឋដែលរងការខ្វះខាត ។

ឯកឧត្តមបានបញ្ជាក់ថា ការចែកអំណោយសង្រ្គោះនេះដែរគឺមិនបានចែកបានគ្រប់គ្នាទេ ជាបឋមគឺធ្វើការចែកចំពោះតែប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងជាងគេ ហើយថ្ងៃទៅមុខទៀតក៏នឹងបន្តចែកជាបន្តបន្ទាប់ទៀត ដូចនេះសូមឱ្យមានការអធ្យាស្រ័យផង ហើយក៏ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទេ សូមប្រញាប់ទទួលការចាក់ដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជានេះ មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះសូមនាំគ្នារួសរាន់ទៅចាក់នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយដែលនៅជិតផ្ទះប្រជាពលរដ្ឋ និងត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។

អំណោយដែលនាំយកមកជូននាពេលនេះក្នុងមួយគ្រួសារៗទទួលបាន -អង្ករ២៥គីឡូក្រាម -ទឹកសុទ្ធ០១កេស -ទឹកត្រី០១យួរ -ទឹកស៊ីអីវ០១យួរ -ត្រីខ០១យួរ -មី០១កេស -ធុងចម្រោះ០១ឈុត -សាប៊ូ០១ដុំ -សំឡីអនាម័យ០១ដុំ ៕

CATEGORIES
Share This