រថយន្តដឹកទំនិញធុនធ្ងន់ពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយអ្នកបើកបរម្នាក់រងរបួសធ្ងន់
ខេត្តបាត់ដំបង! បុរសអ្នកបើកបរម្នាក់រងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនធ្ងន់ពីរគ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េ ពណ៍ខៀវ មួយគ្រឿង ពាក់ផ្លាកលេខ បន្ទាយមានជ័យ 3A-0829 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ AT22-3-1995 បើកបរដោយបុរសមិនស្គាល់ឈ្មោះ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង និងបានឡើងវ៉ាជែងរថយន្តមួយគ្រឿងផ្សេងក៏បានរ៉េចង្កូតជ្រុលមកបុកពេញទំហឹងបណ្តាលអោយអ្នកបើកបររថយន្តកូរ៉េគៀបជាប់ក្នុងកាប៊ីន ត្រូវបានពលរដ្ឋជួបគាស់ដឹកទៅសង្គ្រោះព្យាបាលភ្លាមៗផងដែរ ចំណែករថយន្តទាំងពីរគ្រឿងខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។