ស្នងការខេត្តបន្ទាយមានជ័យ ដាក់ផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារ សន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនសេនាធិការ បានឡើងអាន និងផ្សព្វផ្សាយផែនការ ការពារ ដល់កម្លាំងនគរបាលមាន២កន្លែងគឺ ទី១-ទីតាំងប្រណាំងទូកង នៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យ មានរយៈពេល២ថ្ងៃ (ថ្ងៃទី០៤-០៥ ខែវិច្ឆិការ ឆ្នាំ២០២២) ។ ទី២-ទីតាំងប្រារព្ធពិធីអកអំបុកសំពះព្រះខែ នៅសាលាខេត្ត និងតាមដងស្ទឹងព្រះពន្លា (ថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០២២) ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជា ដល់កងកម្លាំងទាំងអស់ ត្រូវគោរពតួនាទី ភារៈកិច្ច យកចិត្តទុកដាក់ចំពោះបេសកកម្មរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងធានាឲ្យបានទាំងស្រុង នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យខាងលើ ប្រព្រឹត្តទៅ ប្រកបដោយ បរិយាកាសសប្បាយរីករាយ និងមានប្រសិទ្ធភាពខ្ពស់ ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលត្រូវប្រារព្ធពិធីបុណ្យអុំទូក នៅថ្ងៃទី៤និងទី៥ ខែវិច្ឆិកា ដោយឆ្នាំនេះ មានទូក២៦ចូលរួមអុំ ក្នុងនោះទូកអុំ ចែវខ្នាតធំ ឬចំណុះច្រើននាក់ មាន២០ទូក និងទូកកិត្តិយស ចំណុះ៥នាក់ ចំនួន៤ទូក និងចំណុះ៣នាក់ចំនួន២ទូក ។
ក្នុងនោះលោក អ៊ុំ រាត្រី បានណែនាំអោយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចស៊ីវិល និងកងកម្លាំង ក៏ដូចជាគណ:កម្មការនានា និងចំណុះទូកត្រៀមលក្ខណ:អនុវត្តការងារប្រណាំងទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងស្តង់ពិព័រណ៍ទូទៅភូមិ១ ផលិតផល១ អោយបានល្អ ។ ជាពិសេស គឺ បង្កលក្ខណ:ការសប្បាយរីករាយជូនប្រជាជន មហាជន ៕