រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជជាតិនិងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២(៩.វិច្ឆិកា.១៩៥៣- ៩.វិច្ឆិកា.២០២២)ដែលធ្វើឡើងនៅបរិវេណខាងសាលាខេត្តបាត់ដំបង ស្ថិតក្នុងក្រុងនិងខេត្តបាត់ដំបង ។

ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ពលរដ្ឋទូទាំងខេត្តបាត់ដំបងមានក្តីសោមនស្សរីករាយឥតឧបមានិងមានមោទនភាពក្រៃលែងដោយមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ .៩ វិច្ឆិកា ២០២២ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្ដើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យដ៏ពិតប្រាកដក្រោមព្រះបូជនីយកិច្ចដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ ព្រះបរមរតនកោដ្ឋនៃយើងទាំងអស់គ្នា។

ឯកឧត្តមបន្តថា ការរំលឹកខួបអនុស្សាវរីយ៍ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានិងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់គំរូវីរភាពរបស់យុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលីកម្មអាយុជីវិតយ៉ាងអង់អាចក្លាហានបំផុតក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជាក្នុងការថែរក្សាសន្តិភាព ការពារបូរណភាពទឹកដី ឯកភាពជាតិ អធិបតេយ្យ សេរីភាព និងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង។

ជាមួយគ្នានេះក្នុងនាមរដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមលំឱនកាយសម្តែងនូវភារវភក្តីភាពនិងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិជាទីសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបូជាអស់ព្រះកាយពលនិងព្រះបញ្ញាញាណ ដើម្បីជាតិមាតុភូមិនិងប្រជារាស្ត្ររបស់ព្រះអង្គ។ និងសូមឧទ្ទិសបួងសួងគុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះស្វេតច្ឆត្រ ព្រមទាំងព្រះវិញ្ញាណក្ខ័ន្ធនៃព្រះបរមរតនកោដ្ឌអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី សូមជួយប្រោះព្រំ គាំពារថែរក្សាព្រះអង្គបានប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរគ្រប់ៗរូបតរៀងទៅ។

ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្ត សូមគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ព្រមទាំងបានប្តេជ្ញាវាយកម្ទេចរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងរដ្ឋអំណាចស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងបដិវត្តន៍ពណ៌គ្រប់ទម្រង់ គ្រប់រូបភាព កុំអោយកើតមានជាដាច់ខាត ព្រមទាំងការពារថែរក្សារាល់សមិទ្ធិផលសង្គមជាតិ សុខសន្តិភាព ស្ថានភាព និងការអភិវឌ្ឍនៅក្នុងសង្គមជាតិទាំងមូលដែលបានស្វែងរកដោយលំបាក ទម្រាំមានដូចសព្វថ្ងៃនេះ ក្រោមមគ្គុទេសដ៏សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន។

CATEGORIES
Share This