រថយន្តGS. 300 មួយគ្រឿងបើកគេចជង្ហុក ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកបើកបរម្នាក់រងរបួសជើងធ្ងន់ធ្ងរ
ខេត្តបាត់ដំបង! បុរសម្នាក់បានរងរបួសជើងធ្ងន់ធ្ងរក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តGS. 300 មួយគ្រឿងបើកគេចជង្ហុកសំបុកមាន់ជ្រុលទៅបុកម៉ូតូពេញទំហឹងនៅវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ប្រភពបានអោយដឹងថា
នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកឃ្លីច(click)ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AE-1465បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានរថយន្តGS. 300 ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2BB-2577 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើត ទៅលិចនិងបានបួងចង្កូតគេចផ្លូវជង្ហុកសំបុកមាន់ ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូដួលបោករងរបួសជើងធ្ងន់ធ្ងរ ចំណែកម៉ូតូនិងរថយន្តខូចខាតផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យស្នងការខេត្តផងដែរ៕