ប្រឡងបាក់ឌុបឆ្នាំនេះ ខេត្តបាត់ដំបង មានបេក្ខជនសរុបចំនួន ៨៩៨៧នាក់
បាត់ដំបង ៖ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃ គិតចាប់ពីព្រឹកថ្ងៃទី៥ – ទី៦ ខែធ្នូ ឆ្នាំ២០២២នេះ មន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង បានរៀបចំជាមណ្ឌលប្រឡងមានចំនួន ១៤មណ្ឌល ស្មើ ៣៦៣បន្ទប់ និងមានបេក្ខជនសរុប ចំនួន ៨៩៨៧នាក់ នេះបើតាមការបញ្ជាក់របស់លោក យី សុងគី ដែលជាប្រធានមន្ទីរ។
លោកបានបន្តថា សម្រាប់វិញ្ញាសាប្រឡងនេះដែរ គឺ បានចែកជាពីរផ្នែក ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ហើយថ្នាក់វិទ្យាសាស្ត្រមាន០៦មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន០៨មណ្ឌល ក្នុងនោះមណ្ឌលចំនួន១៣នៅក្នុងក្រុង និង០១មណ្ឌលនៅ វិទ្យាល័យអន្លង់វិល ស្រុកសង្កែ ។
ជាមួយគ្នានេះដែរមន្ទីរ ក៏បានរៀបចំជាគណកម្មការ មានគណកម្មការមេប្រយោគ គណកម្មការអនុរក្ស គណៈកម្មការត្រួតពិនិត្យអគារ និងគណកម្មការផ្សេងៗសរុបជាង ១០០០នាក់ ហើយដើម្បីរក្សាបាននូវសុវត្ថិភាពសមត្ថកិច្ចបានរៀបចំការពារសន្តិសុខ ដោយបែងចែកជាពីរ ក្នុងនោះខាងកើតស្ទឹងគឺជាតួនាទីរបស់ស្នងការ និងខាងលិចស្ទឹងជាតួនាទីរបស់កងរាជអាវុធហត្ថខេត្ត ហើយខាងមន្ទីរសុខាភិបាលក៏បានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះសំរាប់ត្រៀមដឹកនៅពេលមានបញ្ហាអ្វីកើតឡើង ហើយក៏បានរៀបចំកន្លែងស្នាក់នៅជាសាធារណៈសម្រាប់បេក្ខជនដែលមានជីវភាពខ្វះខាតចំនួន ៥កន្លែងនៅក្នុងក្រុងបាត់ដំបងផងដែរ ដែលរៀបចំដោយអាជ្ញាធរក្រុងបាត់ដំបង ក្នុងនោះមានដូចជាសាលាបឋមសិក្សាវត្តកំផែង បឋមសិក្សាចំការសំរោង បឋមសិក្សាព្រែកព្រះស្តេច បឋមសិក្សា១៣មករា និងបឋមសិក្សាអូរចារ ។
បន្ថែមពីនេះ ក៏មានការចូលរួមពីអ្នកសង្កេតការណ៍ ខាងអង្គភាពប្រឆាំងអំពើពុករលួយចំនួន ២០០នាក់ នៅតាមមណ្ឌលនីមួយៗ និងមានចំនួយការអប្បម៉ាតមួយចំនួនទៀតដែលបានយកចេញពីសិស្សនៅសកលវិទ្យាល័យជាតិបាត់ដំបង ហើយក៏បានត្រៀមសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ១៥៦នាក់ដើម្បីចូលរួមការងារឆែករកឯកសារ និងដើម្បីរៀបចំសណ្តាប់ធ្នាប់ផងដែរ ៕
ដោយ ៖ សាលី