ប្រកាសតែងតាំង ផ្ទេរភារៈកិច្ចអភិបាលរង និងនាយករដ្ឋសាលាក្រុងស្រុក ២១រូប ទូទាំងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធី ប្រកាសតែងតាំង ផ្ទេរភារៈកិច្ចអភិបាលរង និងនាយករដ្ឋសាលាក្រុងស្រុក ចំនួន២១រូប ទូទាំងក្រុងស្រុកទាំ០៩ របស់ខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយបានប្រកាសតែងតាំងអភិបាលរងក្រុងស្រុកថ្មី ចំនួន១២នាក់ ផ្ទេរភារៈកិច្ចអភិបាលរងក្រុងស្រុក ចំនួន០២នាក់ និងនាយករដ្ឋបាលសាលាក្រុងស្រុក ចំនួន០៦នាក់ ។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងទៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ យោងតាមច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីស្រុកក្រុង ខណ្ឌ ក្នុងគោលបំណងកែសម្រួល គណៈអភិបាលរងស្រុកក្រុងដើម្បីរ៉ាប់រង អនុវត្តមុខងារនិងអនុវត្តតួនាទីរបស់ខ្លួនឲ្យទទួលបានជោគជ័យ មានប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការអនុវត្តសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ។
ឯកឧត្តម ក៏បានផ្ដាំផ្ញើផងដែរ ដល់អស់លោកលោកស្រី ដែលត្រូវបានទទួលតំណែងថ្មី ត្រូវយកចិត្តទុកដាក់អប់រំណែនាំ បកស្រាយបំភ្លឺជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពបំផុសបំផុល ការផ្សព្វផ្សាយព័ត៌មានមិនពិត ចរិតអុចអាល បង្កឲ្យមានហឹង្សាក្នុងសង្គម ខិតខំបំផុសអប់រំប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផ្ដល់ប្រយោជន៍សហគមន៍ជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណា ដែលផ្ទុយពីច្បាប់ ក៏ដូចសកម្មភាពប៉ះពាល់ដល់សន្តិភាព និងស្ថេរភាពនយោបាយ។ និងជំរុញបំផុសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសន្តិភាពរបស់រាជរដ្ឋាភិបាលដែលមានលក្ខណៈសម្បត្តិប្រាំពីរយ៉ាង ឱ្យកាន់តែមានប្រសិទ្ធភាព ៕