យុវសិស្ស២នាក់ជិះម៉ូតូទៅសាលាត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយពេញទំហឹងបណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មានយុវសិស្សម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយជិះម៉ូតូដឹកគ្នាទៅសាលាត្រូវបានរថយន្តធុនធ្ងន់សណ្តោងកន្ទុយមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកពីក្រោយពេញទំហឹង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទី ថ្ងៃទី១៦ ខែមករា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1X -1105 បើកបរដោយយុវសិស្សម្នាក់ឈ្មោះ ភូ លីហេង ភេទប្រុស អាយុ ១៦ឆ្នាំ និងអ្នករួមដំណើរជាប្អូនបង្កើតម្នាក់ឈ្មោះ ភូ លីហ៊ួរ អាយុ១៣ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីត្បូងទៅជើង គោលបំណងដើម្បីទៅសាលារៀន លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តធុនធ្ងន់សណ្តោងកន្ទុយមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹងនិងកិនបណ្តាលអោយជនរងគ្រោះជាបងស្លាប់ភ្លាមៗ និងអ្នករួមដំណើរជាប្អូនរងរបួសធ្ងន់ ចំណែករថយន្តគេចខ្លួនបាត់ស្រម៉ោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានបញ្ជូនអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយម៉ូតូត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំស្វែងរកម្ចាស់រថយន្តអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

CATEGORIES
Share This