សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារក្មេងស្រីសិស្សសាលាម្នាក់ដែលខ្វះខាតក្នុងជីវភាព

ខេត្តបាត់ដំបង! ដោយមើលឃើញពីតម្រូវការនិងការខ្វះខាតក្នុងជីវភាព ដើម្បីទ្រទ្រង់ការរស់នៅនិងការសិក្សា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់លោក កង ប៊ន អនុប្រធានគណ:កម្មាធិការសាខា រួមជាមួយមន្រ្តីប្រតិបត្តិសាខា បានអញ្ចើញចុះសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារកុមារី ប៉ោក ស្រីនាង អាយុ១៦ឆ្នាំ រៀនថ្នាក់ទី7C នៃវិទ្យាល័យពេជ្រចិន្តាដែលមានជីវភាពខ្វះខាតខ្លាំងនិងមានជំងឺ ដែលមានឪពុកឈ្មោះ អ្នក ញ៉ាញ់ អាយុ៦៣ឆ្នាំ (ពិការជើងម្ខាង)និងម្តាយឈ្មោះ សេង ហឿង អាយុ ៥៣ឆ្នាំ មុខរបបស៊ីឈ្មួលកាប់ដំឡូងអោយគេ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។

ក្នុងឱកាសនោះ លោក កង ប៊ន អនុប្រធានគណ:កម្មាធិការសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិកាសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់ក្មួយចៅដែលរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

លោក កង ប៊ន បានថ្លែងកោតសរសើចំពោះកុមារីប៉ោក ស្រីនាង ដែលបានខិតខំតស៊ូក្នុងការសិក្សាទោះបីជីវភាពគ្រួសារខ្វះខាតយ៉ាងណាក៏ដោយ សូមកុមារីត្រូវចេះថែរក្សាសុខភាព ព្រោះការសិក្សានិងសុខភាពត្រូវដើរទន្ទឹមគ្នា និងសូមសរសើចំពោះអាណាព្យាយាបាលដែលត្រូវខិតខំប្រឹងប្រែងតស៊ូបន្ដទៀតទាំងការសិក្សា នឹងត្រូវចេះស្ដាប់បង្គាប់ ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀនសូត្រឱ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត់ ក្លាយជាទំពាំងស្នងឬស្សី សម្រាប់បន្តវេណមនុស្សជំនាន់ក្រោយៗទៀតដើម្បីជាមូលដ្ឋានដោះស្រាយទុក្ខលំបាកសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

លោក អ្នក ញ៉ាញ់ ត្រូវជាពុក មានក្តីរីករាយជាទីបំផុត និងសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិកាសាខា ដែលតែងតែគិតគូរយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋក្រីក្រគ្រប់ទីកន្លែង ដូចពាក្យស្លោកពោលថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរគុណដល់ លោកគ្រូ អ្នកគ្រូ នៃ វិទ្យាល័យពេជ្រចិន្តាទាំងអស់ដែលបានប្រឹងប្រែងស្វែងរកមូលនិធិជួយផ្គត់ផ្គង់ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ។

អំណោយដែលបានផ្តល់ជូនរួមាន៖ -អង្ករ៥០គីឡូក្រាម,មី៥កេស,ត្រីខ៥យួរ
ទឹកត្រី២យួរ ,ទឹកស៊ីអ៊ីវ២យួរ,ទឹកបរិសុទ្ធ៥កេស,ឃីត១កញ្ចាប់( មុង ,ក្រមា) និងថវិកា២០ម៉ឺនរៀលផងដែរ ។

 

CATEGORIES
Share This