អ្នកលក់ផ្កាអង្គាសីល្ប៍ត្អូញត្អែរមិនសូវមានអ្នកទិញ ប្រឈមនឹងការខាតបង់ប្រាក់ដើម

ខេត្តបាត់ដំបង៖ ​ប្រជាពលរដ្ឋប្រកបរបរលក់ផ្កាអង្គាសិល្ប៍ជាច្រើនគ្រួសារបានត្អូញត្អែរថាឆ្នាំនេះមិនសូវមានអ្នកទិញ ប្រឈមនឹងការខាតបង់ប្រាក់ដើម។

លោក អឿន​ សុភ័ក្រ​ ដែលជាអ្នករស់នៅខេត្តពោធិ៍សាត់បានឲ្យអ្នកយកព័ត៌មានយើងដឹងថា ឆ្នាំនេះលក់មិនដាច់ទេ ដោយសារតែខ្មែរជាប់ខ្សែស្រឡាយចិនអត់ចុះទិញ ខុសពីឆ្នាំកន្លងទៅចិនចុះទិញច្រើន ដូច្នេះពួកគាត់ប្រឈមនឹងការខាតបង់ប្រាក់ដើម ព្រោះមុននឹងបានដើមផ្កាអង្គារសីល្ប៍យកមកលក់នៅខេត្តបាត់ដំបងយើងត្រូវចំណាយពេល១២ថ្ងៃហើយត្រូវចំណាយពេលមើលថែទាំបេះស្លឹកកាប់គល់បាញ់ទឹកគឺត្រូវប្រើកំលាំងច្រើន។

លោកបន្តថា ដើមផ្កាអង្គាសីល្ប៍នេះគឺលោកបានទៅកាប់យកមកពីភ្នំខាងហុងបាសាក់ ក្នុងស្រុករុក្ខគីរី នៃខេត្តបាត់ដំបងពេលដឹកមកដល់បាត់ដំបងយើងត្រូវចំណាយពេលមើលថែទាំឲ្យបានដិតដល់ដើម្បីឲ្យចេញផ្កាល្អ ប៉ុន្តែឆ្នាំនេះចេញផ្កាមិនសូវល្អទេដោយសារមេឃភ្លៀងរាល់ថ្ងៃ ហើយចំពោះតម្លៃវិញបើមែកចេញផ្កាស្រុះល្អ យើងអាចលក់បានក្នុងតម្លៃចាប់ពី ៤០០០០ម៉ឺន ទៅ៤០ ឬ៥០ម៉ឺន តែបើផ្កាមិនល្អ មែកខ្លះលក់បានត្រឹមតម្លៃ២០០០០រៀលក៏មាន។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ជនជាតិចិន ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដែលមានរយៈពេល៣ថ្ងៃ ជាក់ស្ដែងនៅប្រទេសកម្ពុជាយើងមានបងប្អូនខ្មែរដែលជាប់ខ្សែស្រឡាយចិន ក៏បាននាំគ្នាអបអរ ពិធីបុណ្យចូលឆ្នាំចិននេះដែរ ដោយតាមហាង ភោជនីយដ្ឋាន និងតាមគេហដ្ឋាន របស់បងប្អូនខ្សែស្រឡាយចិន បានដាក់តាំងដើមផ្កា ជាពិសេសនោះគឺផ្កាអង្គាសិល្ប៍ ដែលមានទាំងផ្កាស្រស់ ផ្កាជ័រ យកមកតាំងលម្អ ព្រោះគេមានជំនឿថា ផ្កាអង្គារសិល្ប៍ជាផ្កានាំលាភសំណាង និង ជាតំណាងជោគជតារាសីផងដែរ។

ហើយក្នុងចំណោមគ្រឿងរណ្ដាប់ និងគ្រឿងលម្អផ្ទះនានា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ផ្កាអង្គាសីល្ប៍គឺជារុក្ខជាតិម្យ៉ាងដែលតែងតែឃើញប្រជាជនចិន និងបងប្អូនប្រជាជនខ្មែរជាប់ខ្សែស្រឡាយចិន យកមកតាំងលម្អក្នុងគេហដ្ឋាន និងតាមក្រុមហ៊ុន ឬកន្លែងរកស៊ីផ្សេងៗ។

CATEGORIES
Share This