ឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាមុខសញ្ញាចាស់ ពាក់ព័ន្ធ ករណីរក្សាទុកថ្នាំញៀនខុសច្បាប់

បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ សហការជាមួយ​កម្លាំងផ្នែក​ចរាចរណ៍ និងកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាចាស់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀន បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង២២ និង៥០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០១ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ក្រោមបទបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន ៖ ១-ឈ្មោះ បឿ សុផាត ហៅស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ២-ឈ្មោះ អាក់ ឡូវ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន ៖ ម៉្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៥ថង់ទម្ងន់ ១,២៤ក្រាមទាំងសំបក សង្ស័យមានសារធាតុញៀន, ដែកកេះចំនួន០១, កាបូបលុយចំនួន០១, ប្រាក់ខ្មែរចំនួន ៣០,០០០៛ (បីមុឺនរៀល), ទូរស័ព្ទដៃចំនួន០៤គ្រឿង, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មានផ្លាកលេខ បាត់ដំបង 1AP 8768 ។

លោកវរសេនីយ៍ទោ សំ ប៊ុនហេង បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យរួមនឹងវត្ថុតាងរហូតមកដល់ថ្ងៃនេះ ត្រូវបាននគរបាលស្រុកសង្កែកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់កាតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This