ឧត្តមសេនីយ៍ត្រី បោន ប៊ិន នាំយកកុំព្យូទ័រ និងសម្ភារៈកីឡា ប្រគល់ជូនសាលារៀន ក្នុងស្រុកភ្នំស្រុក
បន្ទាយមានជ័យ ៖ កុំព្យូទ័រចំនួន១៥គ្រឿង រួមនិងសម្ភារៈកីឡា មួយចំនួន ត្រូវបានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ នាំយកប្រគល់ជូនតាមបណ្តាសាលារៀនមួយចំនួន ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែក អភិវឌ្ឍន៍ក្នុងវិស័យអប់រំ ។
ការនាំអំណោយសំណេះសំណាលនេះ ប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមាមជ័យ និងក្រុមការងារអមដំណេីរ លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក លោកមេឃុំទាំង០៦ លោកគ្រូអ្នកគ្រូ សរុបជិត២០០នាក់ ។
មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើកឡើងថា ការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូ គឺជារឿងសំខាន់ដែលមិនអាចខ្វះខាតបានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសក្មួយៗដែលជាសិស្សានុសិស្ស ជាទំពាំងស្នងឫស្សី បានទទួលនូវចំណេះដឹងប្រកបដោយគុណភាព ទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។ ជាការពិត លោកគ្រូ-អ្នកគ្រូ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែលមិនចេះរីកស្ងួត ដែលលោកបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដោយមិនខ្លាចនឿយហត់ ដេីម្បីឱ្យសិស្សមានចំណេះវិជ្ជា មានការងារល្អ។ បេីគ្មានការចូលរួមរបស់លោកគ្រូ-អ្នកគ្រូទេ វិស័យអប់រំ ក៏មិនអាចមានរីកចម្រេីនដូចសព្វថ្ងៃនេះដែរ ។ ជាមួយការរីកចម្រេីនលេីវិស័យអប់រំ ជាវិស័យអាទិភាពទីមួយ ដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់ ជាក់ស្តែងដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន វិស័យអប់រំបានរីកចម្រេីនយ៉ាងខ្លាំង សម្តេចបានផ្ដល់សាលារៀនជូនដល់សិស្សានុសិស្សគ្រប់ទីកន្លែងមិនថាទីក្រុង ប្រជុំជន ឬទីជនបទឡេីយដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សងាយស្រួលក្នុងការរៀនសូត្រ ។
អំណោយដែលត្រូវបាន នាំយកប្រគល់ជូន រួមមាន ៖ ខោអាវកីឡាចំនួន៥០០កំប្លេ ផ្តល់ជូនសាលាទាំង១៥, បាល់ទះ ១០ គ្រាប់, បាល់ទាត់ ២០ គ្រាប់, សំណាញ់បាល់ ៦ ឈុត, ស្រោមដៃកីឡា ១២ គូរ, លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន សរុប១៧៥នាក់ ក្នុងម្នាក់ទទួល សារ៉ុង ។ ក្រៅពីប្រគល់កុំព្យូទ័រជូនសាលារៀនចំនួន១៥សាលាហេីយនោះ រដ្ឋបាលស្រុកក៏ទទួលបានកុំព្យទ័រ មួយគ្រឿង និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក៏ទទួលបានមួយគ្រឿងផងដែរ ៕