អគ្គិភ័យបានលេបត្របាក់ ផ្ទះពលរដ្ឋ០១ខ្នងទាំងស្រុង នៅស្រុកសំឡូត
បាត់ដំបង ៖ សង្ស័យផ្ទុះសេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងទាំងស្រុង កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៣ ភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
តាមការលើកឡើងរបស់ម្ចាស់ផ្ទះឈ្មោះ សំ ភឿន ភេទប្រុស អាយុ៣៦ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានទៅស្រោចទឹកទុរ៉េននៅក្រោយផ្ទះចំងាយប្រហែល ៣០០ម៉ែត្រ ខណៈពេលដែលកំពុងស្រោចទឹកទុរ៉េន គាត់ក៏បានលឺសូរសំលេងផ្ទុះ៣ដង ភ្លាមនោះគាត់ក៏បានរត់ទៅមើល ក៏ឃើញភ្លើងកំពុងឆាបឆេះផ្ទះអស់មួយចំហៀងទៅហើយ ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្ដា ដំបូលប្រក់ស័ង្កសីខ្ពស់ពីដី (ឆេះអស់ទាំងស្រុង) និងសម្ភារ:ខូចខាតរួមមាន ៖ គោយន្តកន្ត្រៃចំនួន១គ្រឿង, បាស់៣គ្រាប់, អំភ្លីចំនួន១, គ្រែដេកចំនួន២, ធុងបាញ់ថ្នាំចំនួន១, ម៉ាសុីអូសខ្សែបាញ់ថ្នាំចំនួន១, ម៉ាស៊ីនកាត់ស្មៅចំនួន១, ម៉ាស៊ីនអារឈើចំនួន១, នង្គ័លចំនួន១, ផាលភ្ជួររាស់ចំនួន១, រនាស់ចំនួន១, ជញ្ជីងធំចំនួន១, ម៉ូទ័រឈូសឈើចំនួន១, ម៉ូទ័រស្វានចំនួន២, ម៉ូទ័រឆាបចំនួន២, ម៉ាសុីនបូមខ្យល់ចំនួន១, ម៉ូទ័របុកគ្រឹះចំនួន១ និងរបស់របរប្រើប្រាស់មួយចំនួនទៀតផងដែរ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលពន្លត់អគ្គីភ័យ នៃអធិការស្រុកសំឡូត និងកម្លាំងនគរបាលប៉ុស្តិ៍សំឡូតបានចុះទៅពិនិត្យកន្លែងកើតហេតុ និងបាននាំយករថយន្តអគ្គីភ័យមួយគ្រឿង ទៅជួយបាញ់ពន្លត់ភ្លើងឆេះដែលនៅសេសសល់ ដើម្បីកុំឲ្យឆេះបន្តទៀត ដោយប្រើប្រាស់ទឹកអស់មួយឡានផងដែរ ៕
ដោយ ៖ សាលី