កងទ័ពយោធភូមិភាគទី៥កម្ពុជា និងយោធភូមិភាគទី១ថៃ ជួបប្រជុំរឹតចំណងសម្ព័ន្ធមេត្រីភាព
បន្ទាយមានជ័យ ៖ កងទ័ពយោធភូមិភាគទី៥កម្ពុជា និងយោធភូមិភាគទី១ថៃ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានជួបប្រជុំរឹតចំណងសម្ព័ន្ធមេត្រីភាព នៅក្នងបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកអន្តរជាតិ “ប៉ោយប៉ែត-ខ្លងលឹក” ។
ជំនួបប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមានឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តខេត្តបន្ទាយមានជ័យ ជាមួយលោកឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ និងអភិបាលខេត្តស្រះកែវ ។
គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីសំណេះ សំណាលពិភាក្សាការងារ ក្នុងន័យ រឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ យោធភូមិភាគទី៥កម្ពុជា-កងទ័ពភូមិភាគទី១ថៃ រួមមាន ៖ ១-ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរ ឡើង ។ ២-បន្តអនុវត្តន៍យន្តការ នៃជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ។ ៣-គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។ ៤-បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្មតាមបណ្តោយព្រំដែន ។
ឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ក៏បានថ្លែងអរគុណដល់ប្រទេសកម្ពុជា ដែលបានជួយជនជាតិថៃក្នុងហេតុការអគ្គីភ័យឆាបឆេះសណ្ឋាគារ ហ្គ្រែនដាយមេន នៅក្នុងក្រុងប៉ោយប៉ែត កន្លងមក ។
ឧត្តមសេនីយទោ សេង ធារិន បានស្នើសុំដល់ភាគីថៃជួយទប់ស្កាត់ កុំឲ្យមានអ្នកនយោបាយប្រទេសទាំង២ យកព្រំដែនធ្វើជាបញ្ហានយោបាយ ព្រោះថាបញ្ហាព្រំដែនជាភារកិច្ចនៃកងកម្លាំងនៃប្រទេសទាំងពី ៕