លោកជំទាវមហាឧបាសិកា ខៀវ ស៊ីណា ជា ចាន់តូ បានអញ្ចើញប្រារព្ធពិធីបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តមួយចំនួនក្នុងខេត្តបាត់ដំបង និងវេរភត្តាហារប្រគេនព្រះសង្ឃចំនួន ១០០០អង្គ
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវ មហាឧបាសិកា ខៀវ ស៊ីណា ជា ចាន់តូ បានអញ្ចើញប្រារព្ធពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមួយចំនួនមាន ជួសជុលព្រះវិហារវត្តអន្លង់វិល រោងភ័ត្ត អគារពុទ្ធិកវិទ្យាល័យអ៊ឹង ធួង សាលាអនុគណក្រុងបាត់ដំបង សាលាឆាន់ និងអគារពុទ្ធិកៈបឋមសិក្សាវត្តពោធិ៍វាល ព្រមទាំងវេរភត្តាហារប្រគេនព្រះសង្ឃចំនួន ១០០០អង្គផងដែរ។
លោកជំទាវ មហាឧបាសិកា ខៀវ ស៊ីណា ជា ចាន់តូ បានមានប្រសាសន៍ថា ខេត្តបាត់ដំបងជាខេត្តដ៏ធំ និងមានវ័យចំណាស់មួយក្នុងចំណោមខេត្តដែលមានវ័យចំណាស់ដទៃទៀត ហើយក្រៅតែពីល្បីល្បាញខាងដំណាំស្រូវ , វិស័យអប់រំ , សិល្បករ , ដូរតន្ត្រីបុរាណសម័យនិងកវីនិពន្ធល្បីៗហើយនោះ ខេត្តមួយនេះក៏ជាតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់មួយផងដែរ ដែលបុព្វបុរសបានបន្សល់ទុកនូវបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃជាច្រើន ហើយក្នុងចំណោមបេតិកភណ្ឌទាំងឡាយក្រៅពីប្រាសាទបុរាណ គឺមានអគារបុរាណ ដែលមានអាយុរាប់រយឆ្នាំស្ថិតនៅតាមតំបន់នានាមិនថាទីក្រុងឬជនបទ ជាពិសេសកណ្តាលទីក្រុងបាត់ដំបង ដែលអគារទាំងអស់នោះបានក្លាយទៅជាសម្បត្តិជាតិដ៏មានតម្លៃ ហើយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិរាប់ពាន់នាក់ឱ្យមកទស្សនាក្នុងមួយឆ្នាំៗ។
លោកជំទាវបានបន្តថា ក្នុងចំណោមទីតាំងទាំងឡាយ វត្តគឺជាកន្លែងដ៏សំខាន់ដែលបានរួមចំណែកក្នុងការកសាងថែរក្សានិងការពារបេតិកភណ្ឌបុរាណរហូតមក បូជនីយដ្ឋានទាំងឡាយត្រូវបានព្រះសង្ឃនិងពុទ្ធបរិស័ទរួមគ្នាកសាងឡើងក្នុងនោះរួមមានដូចជា ,ប្រាង្គ , ប្រាសាទ , ចេតិយ , ព្រះវិហារ លើសពីនេះមាន , កុដិ , សាលាឆាន់ , សាលាពុទ្ធិកសិក្សាជាដើម ដែលពីមួយជំនាន់ទៅមួយជំនាន់ បូជនីយដ្ឋាននិងអគារទាំងអស់នោះបានក្លាយទៅជាសម្បត្តិវប្បធម៌របស់ជាតិមានតម្លៃកាត់ថ្លៃមិនបាន។
ក្នុងនាមជាពុទ្ធសាសនិក លោកជំទាវ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌ជាកេរមត៌កទាំងអស់នោះ ជាពិសេសបូជនីយដ្ឋាន និងអគារបុរាណ តាមបណ្តាវត្តអារាមនានា ទន្ទឹមនឹងភាពរីករាយប្រកបដោយមោទភាព លោកជំទាវក៏បានមើលឃើញពីការខូចខាតយ៉ាងដំណំ នូវបូជនីយដ្ឋាននិងអគារបុរាណ នៅតាមបណ្តាវត្តមួយចំនួន ហើយក៏មានគំនិត បូជនីយដ្ឋាននិងអគារបុរាណទាំងអស់នោះ គួរតែត្រូវបានជួសជុលឱ្យបានល្អស្អាតឡើងវិញ ដើម្បីជាការថែរក្សាឱ្យគង់ វង្សតទៅ និងមានសោភ័ណភាពកាន់តែស្អាត។
ហើយការចូលរួមចំណែករបស់លោកជំទាវនៅពេលនេះ គ្រាន់តែជាការចូលរួមចំណែកដ៏តិចតួចស្តួចស្ដើងបំផុតមួយ ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលលោកតែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការថែរក្សានិងការពាររហូតមក ហើយសម្រាប់លោកជំទាវក៏ដូចជាពុទ្ធបរិស័ទទូទៅ ក្នុងនាមជាពុទ្ធសាសនូបត្ថម្ភក៍ នឹងខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រទាំងផ្នែកសម្ភារៈ បច្ចេកទេស និងស្មារតី ក្នុងការថែរក្សា ការពារ និងជួសជុលឡើងវិញ ដើម្បីថែរក្សាកេរដំណែលដូនតាទាំងនោះ ឱ្យស្ថិតស្ថេរនិងគង់វង្សតទៅ។