១ថ្ងៃចងករសម្លាប់ខ្លួន ២ករណី នៅខេត្តបាត់ដំបង

បាត់ដំបង ៖ ក្នុងរយៈពេល១ថ្ងៃ ថ្ងៃទី៣១ មករា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង មានមនុស្ស២នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ២ករណីផ្សេង ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីទី១ កើតឡើងនៅចំណុចក្រុមទី១២ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជនរងគ្រោះមានឈ្មោះ ដុង ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាកម្មករសំណង់ ។ ហើយបើតាមការលើកឡើងពីខាងសាច់ញាតិ បានអោយដឹងថា នៅមុនពេលកើតហេតុគឺជនរងគ្រោះបានផឹកស្រាស្រវឹង បន្ទាប់មកក៏ស្រាប់តែប្រទះឃើញចងកស្លាប់តែម្តង ។

ករណីទី២ កើតឡើងនៅចំណុចក្រុមទី ២១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយជនរងគ្រោះមានឈ្មោះ ថូ លាភ ភេទស្រី អាយុ៧២ឆ្នាំ មុខរបរ (គ្មាន) ។ ហើយបើតាមការឲ្យដឹងពីឈ្មោះ សាយ អាងលី ភេទស្រី អាយុ៧៥ឆ្នាំដែលត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ បានអោយដឹងថា ខណៈភ្ញាក់ពីដំណេក មិនបានឃើញប្អូននៅដេកនៅលើគ្រែទេ ពេលនោះ ក៏បានដើររកប្អូនស្រីនៅខាងមុខផ្ទះ ក៏ប្រទះឃើញសាកសពរបស់ប្អូនស្រី ព្យួរកនិងកន្សែងក្រណាត់ពណ៌ក្រហម នៅនឹងកូនឈើស្នួរដើមប្រេងខ្យល់ចងសម្រាប់ហាត់ប្រាណមុខផ្ទះ ស្លាប់បាត់ទៅហើយ ភ្លាមនោះខ្លួនក៏ផ្ដល់ព័ត៌មានមកសមត្ថកិច្ចតែម្តង ។

ក្រោយពេលកើតហេតុទាំង២ករណី សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសាកសព និងបានធ្វើកំណត់ហេតុប្រគល់ សពទៅអោយខាងសាច់ញាតិ យករៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This