សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារសិក្សា០១ខ្នង ០៤បន្ទប់ ជាអំណោយប្រជាជនជប៉ុន
បាត់ដំបង ៖ អាគារសិក្សា០១ខ្នង ០៤បន្ទប់ ជាអំណោយប្រជាជនជប៉ុន តាមរយៈអង្គការ School Aid Japan ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្រោមវត្តមានលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ដោយមានការចូលរួមពីអង្គការម្ចាស់ជំនួយ រួមជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សជាច្រើននាក់ផងដែរ ។
លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានលើកឡើងថា គ្មានអ្វីដែលជាការហ៊ានលះបង់ទឹកចិត្តខ្ពស់ជាងលោកគ្រូ អ្នកគ្រូទេ ដូច្នេះសូមសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាល ត្រូវតែគោរពស្រឡាញ់ រាប់អាន និងផ្តល់កិត្តិយស ជូនលោកគ្រូ អ្នកគ្រូ អោយសាកសម និងការលះបង់របស់គាត់ និងសូមបញ្ជាក់ពីការអភិវឌ្ឍ នៅក្នុងក្រុងបាត់ដំបង ដែលមានវិសាលភាពធំធេងណាស់ ដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច មិនបានយល់ ថាបន្ទាប់ពីក្រុងកំពង់សោម ហើយនិងខេត្តសៀមរាប គឺក្រុង និងខេត្តបាត់ដំបង នេះហើយដែលទទួលបាន សមិទ្ធផល ថវិកាពីរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ ។
ជាចុងក្រោយលោកអភិបាលក្រុង បាន ថ្លែងអំណរគុណទៅដល់អង្គការ School Aid Japan នៃប្រទេសជប៉ុន ក៏ដូចជាលោកប្រធានក្រុមហ៊ុន និងប្រតិភូដែលបានខិតខំចំណាយពេលវេលា ក៏ដូចជាថវិកា អស់ប្រមាណជិត ៦០ម៉ឺនដុល្លារ ដើម្បីសាងសង់អាគារសិក្សា០១ខ្នង០៤បន្ទប់នេះ ហើយក៏សូមអំពាវនាវដល់អង្គការ ក៏ដូចជាសប្បុរសជន អោយចូលមកជួយ ដើម្បីធ្វើការជួសជុល ឬសាងសង់បន្ថែមដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ព្រោះប្រទេសមួយមានការរីកចម្រើនអាស្រ័យទៅលើកត្តាធនធានមនុស្ស ហើយធនធានមនុស្ស កើតឡើងពីការចូលនៅក្នុងសាលា តាមរយៈការក្រេបជញ្ជក់ នូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ទៅតាមកម្រិត ៕
ដោយ ៖ សាលី