អភិបាលខេត្តកំពង់ស្ពឺ៖សម័យឧស្សាហកម្មកាត់ដេរមានការរីកចម្រើនខ្លាំង នៅតាមផ្ទះភាគច្រើនស្ត្រីចាស់ៗមានកូនតូច

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងថាសម័យតេជោ ឧស្សាហកម្មមានការរីកចម្រើនខ្លាំង នៅតាមផ្ទះភាគច្រើនគេសង្កេតឃើញស្ត្រីចាស់ៗមានកូនតូចដែលត្រូវបីបាច់រក្សា ក្នុងន័យនេះលោកសំដៅលើលោកយាយលោកតាដែលកូនៗត្រូវចេញទៅប្រកបការងារជាកម្មករ កម្មការិនីរោងចក្រហើយទម្លាក់ចៅឱ្យមើលថែ។លើកឡើងដូច្នេះនៅក្នុងឱកាសចុះសួរសុខទុក្ខនិងផ្តល់ទឹកដោះគោដល់កុមារតូចមានអាយុចាប់ពីមួយថ្ងៃដល់២ឆ្នាំដែលកំពុងរស់ក្នុងបន្ទុកតាយាយចំនួន៥៣៣នាក់ក្នុងភូមិទាំង១៩នៃឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

លោក វ៉ី សំណាង បានលើកឡើងថាខេត្តកំពង់ស្ពឺមានការរីកចម្រើនខ្លាំងផ្នែករោងចក្រ សហគ្រាស ដែលបច្ចុប្បន្នគិតសរុបមានចំនួន ដល់ទៅ៣៨១កន្លែង ហើយមានកម្មករ និយោជិតសរុប ១៥៥,៥៥២នាក់ ស្រី១១៥,២៦៦នាក់។ ក្នុងនោះវាយនភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើងមានចំនួន ដល់ទៅ១៨៧កន្លែង និងមានកម្មករ និយោជិត សរុប ១៤៥,៤២៧នាក់ ស្រី១១០,៧៤១នាក់ ។ដោយគិតក្នុងចំណោមអ្នកដែលធ្វើការក្នុងរោងចក្រមានប្រមាណ៩០ភាគរយជាស្រ្តី។  ស្ថិតក្នុងស្ថានភាពបែបនេះ ដើម្បីអាចឱ្យពួកគេទៅធ្វើការនៅតាមទីប្រជុំជនបាន ស្ត្រីខ្លះត្រូវបង្ខំចិត្តទុកកូនរបស់ខ្លួនឱ្យនៅស្រុកកំណើតឬផ្ញើជាមួយក្រុមគ្រួសារដែលមានម្តាយឪពុកដែលមានវ័យចាស់ឱ្យមើលចិញ្ចឹមបីបាច់ថែទាំជំនួសពេញមួយថ្ងៃៗ ដើម្បីពួកគេមានឱកាសក្នុងការប្រកបកិច្ចការងារ។ដូច្នេះនៅតាមផ្ទះនិមួយៗក្នុងភូមិគេសង្កេតឃើញតែតាយាយប៉ុណ្ណោះដែលនៅជាមួយចៅហាក់បីដូចមនុស្សចាស់មានកូនតូចអញ្ចឹង។

ទន្ទឹមនិងការលើកឡើងនេះដែរអភិបាលខេត្តកំពង់ស្ពឺបានថ្លែងនូវការកោតសរសើរដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ស្ពឺដែលគិតមកទល់ពេលបច្ចុប្បន្ននេះ ហាក់មានភាពល្អប្រសើរខ្លាំង កូនក្មួយមានការងារធ្វើគ្រប់គ្នា។កាលដើមឡើយប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺមិនត្រូវបានគេទទួលស្គាល់ឡើយ ហើយមានរហូតពេលខ្លះត្រូវបានគេរើសអើងថែមទៀតផង ដោយខ្លះថាពលរដ្ឋក្នុងខេត្តនេះមានភាពខ្ជិលច្រអូស ចេះតែឡើងត្នោតមុខប៉ុណ្ណោះ។តែក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ពលរដ្ឋក្នុងខេត្តនេះមានជីវធូរធារ ស៊ីវិល័យ ហើយគិតមកថ្ងៃនេះអ្នកឡើងត្នោតសឹងតែមិនមានទៀតទេ។

ជាមួយគ្នានេះដែរលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់បន្ថែមថា សម្រាប់ខេត្តកំពង់ស្ពឺអ្នកវិនិយោគជាច្រើនគឺបាននិងកំពុងដាក់គោលដៅវិនិយោគដោយក្នុងនោះមានរោងចក្រមួយចំនួនកំពុងបន្តបើកទ្វារទទួលរើសកម្មករ កម្មការិនីបន្ថែមទៀតឱ្យចូលធ្វើការ ហើយស្របពេលដែលរោងចក្របន្តបើកទ្វារនេះដែររដ្ឋបាលខេត្តកំពុងជួបនូវវិបត្តិកង្វះកម្មករដើម្បីបំពេញតម្រូវការងារដោយក្នុងនោះខេត្តកំពុងប្រកាសរកកម្មករប្រមាណជាង១ម៉ឺននាក់បន្ថែមទៀត។

CATEGORIES
Share This