យានដ្ឋានលួចសម្ងំកែច្នៃរថយន្តខុសបច្ចេកទេស ត្រូវបានសមត្ថកិច្ចចុះបិទទ្វាជាបណ្តោះអាសន្ន
បាត់ដំបង៖ មន្ត្រី និងសមត្ថកិច្ចជំនាញចុះផ្អាកអាជីវកម្មយានដ្ឋានមួយទីតាំងក្នុងក្រុងបាត់ដំបងជាបណ្តោះអាសន្នក្រោយលួចលាក់កែច្នៃរថយន្តដឹកទំនិញខុសលក្ខណះបច្ចេកទេស។
អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ស៊ូ ប៉ុណ្ណារ៉ុង បានឲ្យដឹងនៅថ្ងៃទី ០៩ ខែកុម្ភ: ឆ្នាំ ២០២៣នេះថា÷ ក្រោយទទួលបានព័ត៌មានជុំវិញពីសកម្មភាពកែច្នៃរថយន្តមិនមានច្បាប់ត្រឹមត្រូវ មន្ត្រីជំនាញបានចុះត្រួតពិនិត្យជាក់ស្តែងដោយបានរកឃើញយានដ្ឋានមួយកន្លែងនេះបានកែច្នៃរថយន្តខុសលក្ខណ:បច្ចេកទេស ( តាបសន្លឹកដែកបន្ថែមលើសាក់ស៊ីដោយមិនបានសុំការអនុញ្ញាតិច្បាប់ឲ្យបានត្រឹមត្រូវពីផ្នែកជំនាញ )។
មន្ត្រីខាងលើបន្តថា÷ ការចុះពិនិត្យមើលនូវការរៀបចំខុសទម្រង់ដើមខាងលើនេះក្នុងគោលបំណង់ទប់ស្កាត់ការកែច្នៃយានយន្តតាមទំនើងចិត្តខុសស្តង់ដារបស់ក្រុមជាង រក្សាការបំផ្លាញផ្លូវថ្នល់តាមច្បាប់កំណត់ និងការពារសុវត្ថិភាពអាយុជីវិតសាធារណជននានាផងដែរ។
យានដ្ឋានដែលលួចលាក់កែច្នៃរថយន្តខាងលើមាន យីហោ គឹម វណ្ណឌី មានទីតាំងឋិតនៅក្នុងក្រុមទី០៨ ក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាលទ្ធផលនៃការពង្រឹងច្បាប់នេះមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តបាត់ដំបង សម្រេចបិទផ្អាកការធ្វើអាជីវកម្មកែច្នៃ និងជួសជុលខាងលើជាបណ្តោះអាសន្ន ក្នុងរង្វង់១សប្តាហ៍ ក្នុងករណីមិនចូលរួមតានការណែនាំជាមួយមន្ត្រីជំនាញនោះទេ នោះនឹងត្រូវប្រឈមនឹងវិធានការច្បាប់ដោយមិនលើកលែងឡើយ៕