ទំនាស់ពាក្យសម្តីគ្នារហូតទាញកាំបិតផ្គាក់កាប់អោយភាគីម្ខាងរបួសធ្ងន់ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តបាត់ដំបង! ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ចុះបង្ក្រាបឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើបុរសម្នាក់អោយរងរបួសធ្ងន់ ក្រោយមានទំនាស់ពាក្យសម្តីគ្នា។
លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២និង៥០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ប៉ែល សាវ៉ើន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងកាំបិតផ្គាក់មួយដើម ដែលសង្ស័យបានប្រើប្រាស់កាប់ទៅលើជនរងគ្រោះឈ្មោះ បុង វណ្ណៈ ភេទប្រុស អាយុ៤៣ឆ្នាំ (ត្រូវជាពូថ្លៃ)រស់នៅភូមិឃុំជាមួយគ្នាបណ្ដាលឱ្យរងរបួសត្រង់កខាងឆ្វេង (ធ្ងន់)ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងភ្លាមៗផងដែរ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងអធិការនគរបាលស្រុកថ្មគោលបណ្តោះអាសន្នដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី។