ឯកឧត្តម ជា ចាន់តូ អញ្ជើញកាត់ខ្សែបូណ៌ និងចម្រើនព្រះបរិត្តពុទ្ធជ័យមង្គល អគារសាខាធនាគារជាតិនៃកម្ពុជា ខេត្តបាត់ដំបង

បាត់ដំបង៖ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ព្រមទាំងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញកាត់ខ្សែបូណ៌សម្ពោធជាផ្លូវការ ព្រមទាំងចម្រើនព្រះបរិត្តពុទ្ធជ័យមង្គលនូវអគារធនាគារជាតិនៃកម្ពុជាសាខាខេត្តបាត់ដំបង។

សាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបងត្រូវបានបង្កើតឡើងដើម្បីរួមចំណែកស្តារសកម្មភាពសេដ្ឋកិច្ច បន្ទាប់ពីខឿនសេដ្ឋកិច្ចនិងសង្គមត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងក្នុងរបបប៉ុលពត ហើយក្រោយមកដោយសារសុខសន្តិភាពនិងស្ថិរភាពនយោបាយយ៉ាងរឹងមាំ សកម្មភាពសេដ្ឋកិច្ចបានរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ក្នុងនោះខេត្តបាត់ដំបងដែលជាខេត្តមានសក្តានុពលផ្នែកកសិកម្ម ក៏ទទួលបានការរីកចម្រើនជាលំដាប់ផងដែរ។

ដើម្បីគាំទ្រនិងជំរុញការរីកចម្រើនទាំងនេះ ធនាគារជាតិនៃកម្ពុជា បានពង្រឹងសមត្ថភាពសាខារាជធានី-ខេត្តជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃនេះ អគារធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង ត្រូវបានកសាងឡើងថ្មីនិងដាក់ឱ្យដំណើរការជំនួសឱ្យអគារចាស់ទ្រុឌទ្រោមសេះសល់ពីសម័យបារាំងមក ហើយសមិទ្ធផលថ្មីនេះនឹងចូលរួមកាន់តែសកម្មថែមទៀត គាំទ្រការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាលើកសោភ័ណភាពខេត្ត ហើយអគារសាខាថ្មីនេះ នឹងបម្រើជាឃ្លាំងដ៏រឹងមាំសម្រាប់រក្សាទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងនិងសម្រួលចរាចរណ៍សាច់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ។

CATEGORIES
Share This