នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ៖ នយោបាយឈ្នះ ឈ្នះ បានប្រែក្លាយខេត្តប៉ៃលិន ពីតំបន់ប្រទាញប្រទង់-ប្រយុទ្ធគ្នា មកជាតំបន់ពោរពេញដោយភាពសុខសាន្ត
ប៉ៃលិន ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា ដោយសារនយោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិនបានប្រែក្លាយពីតំបន់ដែលប្រទាញប្រទង់គ្នា ប្រយុទ្ធគ្នា មកជាតំបន់ពោរពេញដោយភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានជាលើកឡើងដូចនេះ ក្នុងពិធីសមោ្ពធអគារទីបញ្ជាការ, អគារស្នាក់នៅ និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តនិងថ្នាក់ដឹកនាំខេត្តប៉ៃលិន កម្លាំងប្រដាប់អាវុធ យោធិន គ្រួសារយោធិន ប្រជាពលរដ្ឋជាច្រើនកុះករ ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តថា ជាគុណូបការៈមិនអាចបំភ្លេចបានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់គ្រប់ភាគី រួមទាំងអ៊ំពូមីងអតីតយុទ្ធជន ដែលបានចូលរួមលះបង់នៅក្នុងដំណាក់កាលតាំងពីមានសង្គ្រាមស៊ីវិល រហូតមកដល់ការបញ្ចប់សង្គ្រាមទទួលបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាបន្តនូវបុព្វហេតុ និងស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពដែលបានកើតមាននេះឱ្យបានឋិតឋេរគង់វង្សតរៀងទៅ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានចូលរួម អបអរសាទរចំពោះសមិទ្ធផល នៃការខិតខំកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ជាពិសេសការកសាងអភិវឌ្ឍសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើន រហូតអង្គភាពមានការរីកចម្រើន ប្រែមុខប្រែមាត់ជាលំដាប់ ក្នុងរយៈកាលប្រមាណ ២៩ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ១៩៩៤ មក ។ ហើយក្នុងឱកាសនេះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មីៗបន្ថែម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន៖ អគារទីបញ្ជាការ ០១ខ្នង កម្ពស់ ០២ជាន់ និងអគារស្នាក់នៅ ០១ខ្នង ព្រមទាំងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួសារយោធិន អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗ ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនាស្រឡាញ់យកចិត្តទុកដាក់ជាទីបំផុត ដើម្បីតបស្នងចំពោះគុណបំណាច់ដែលយោធិនគ្រប់រូប រួមទាំងអ៊ំពូមីងអតីតយុទ្ធជន បានលះបង់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ៕