ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ៤៩ខ្នងក្នុង៦ស្រុក

ខេត្តបាត់ដំបង! សេចក្តីរាយការណ៍បឋមបានអោយដឹងថា នៅវេលាព្រឹកព្រលឹម ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ខេត្តបាត់ដំបងមានភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បានបក់បោកគ្រប់ដណ្តប់ទៅលើភូមិសាស្ត្រជាច្រើន ដែលក្នុងមានស្រុកចំនួន០៦បានរងផលប៉ះពាល់ធ្វើអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៤៩ខ្នង។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ទាំង៤៩ខ្មង ក្នុងនោះមាន!
/-ស្រុកសង្កែ រងការខូចខាតសរុបចំនួន ១៩ខ្នង /- ស្រុកបាណន់ ចំនួន ១២ខ្នង /-ស្រុកគាស់ក្រឡ ចំនួន០៧ខ្នង /-ស្រុកបវេល ចំនួន០៦ខ្នង /-ស្រុកមោងឬស្សី ចំនួន០៣ខ្នង /- និងស្រុកភ្នំព្រឹក ចំនួន០២ខ្នង។

ក្នុងករណីគ្រោះធម្មជាតិនេះដែរអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ បាននិងកំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំផលប៉ះពាល់ដើម្បីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាក្នុងគោលបំណងនាំយកជំនួយបឋមផ្តល់ជូនដល់គ្រួសារជនរងគ្រោះផងដែរ៕

CATEGORIES
Share This