សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងសហកាជាមួយគណៈកម្មាធិការសុវត្ថិភាពចរាចណ៍ផ្លូវគោកខេត្ត រៀបចំយុទ្ធនាការស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបរិយាបន្ន”ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សហកាជាមួយគណៈកម្មាធិការសុវត្ថិភាពចរាចណ៍ផ្លូវគោកខេត្ត បានរៀបចំយុទ្ធនាការស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបរិយាបន្ន” ក្រោមអធិបតីភាព ឯកឧត្តម សូស សុភ័ក្ភ្រ ហេរញ្ញិគណៈកម្មាធិការសាខា និងមានការចូលរួមពី មន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្ត ការិយាល័យចរាចណ៍ខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក និងយុវជនកាកបាទក្រហមកម្ពុជា សរុប ៣៥នាក់ចុះទៅអប់រំផ្សព្វផ្សាយសុវត្ថិភាពនៅចំណុចផ្លូវជាតិលេខ៥ ខាងមុខវិទ្យាល័យជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួស សុភ័ក្ភ្រ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការនេះ ហើយថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជាបានប្រារព្ធយុទ្ធនាការសុវត្ថិភាពចរាចរណ៍នេះឡើង ដើម្បីអោយយុវជនបានចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវសាធារណៈឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ក្រមសីសធម៌ក្នុងការប្រើប្រាស់ផ្លូវ កត្តាគួរធ្វើនិងកត្តាមិនគួរធ្វើពេលបើកបរ ដើម្បីបង្ការនិងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរពីឃាតករលាក់មុខ១នេះ ព្រោះយើងទាំងអស់គ្នាបានដឹងហើយថាគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ប្រជាពលរដ្ឋខ្មែរយើងជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ និងបន្សល់ទុកស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនមានពិការភាពជាច្រើនពាន់នាក់ផ្សេងទៀត”។

ជាមួយគ្នានេះដែរក្នុងយុទ្ធនាការនេះ ក៏មានរៀបចំសំណួរចម្លើយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការដាក់ពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តអំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ និងចែកខិតប័ណ្ណយល់ដឹងពីសុវត្ថិភាពចរាចរណ៍ យល់ដឹងពីពិការភាព ព្រមទាំងបិទចំណាំងផ្លាតនៅតាមម៉ូតូ រម៉កកង់បី គោលយន្ត ដែលធ្វើដំណើរឆ្លងកាត់ពិធីជាច្រើនគ្រឿង ហើយប្រជាពលរដ្ឋ១០នាក់ទទួលបានមួកសុវត្ថិភាព និងជាច្រើននាក់ផ្សេងទៀតទទួលបានរង្វាន់លើកទឹកចិត្តពីការឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តអំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ពីក្រុមការងារផងដែរ៕

CATEGORIES
Share This