ឯកឧត្តម សុខ លូ ថ្លែងថា កងកម្លាំង មានកាតព្វកិច្ចការពារសុខសន្តិភាព

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាល នាំយកថវិការបស់សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម ស សុខា ផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ និងមន្ត្រីជំនាញពាក់ព័ន្ធប្រមាណជិង២០០០នាក់ ដែលបានខិតខំប្រឹងប្រែងនៅក្នុងព្រឹត្តិការណ៍សង្ក្រាន បាត់ដំបង អោយដំណើរការយ៉ាងរលូន ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជា ស ស យ.ក ខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ ជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង ដែលសម្តេចបានយកចិត្តទុកដាក់ខ្ពស់ បើទោះបីសម្តេចមិនបានមកក្នុងថ្ងៃនេះ តែសម្តេចបានចាត់អោយឯកឧត្តម និងឯកឧត្តម ស រដ្ឋា ចុះសួរសុខទុក្ខដល់បងប្អូននិងកងកម្លាំង ដែលទាំងនេះបង្ហាញអោយឃើញថា សម្ដេចបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់នៅក្នុងខេត្តបាត់ដំបងនេះ ។

ឯកឧត្តមបន្តថា យើងអាចគ្រប់គ្រង ធ្វើកិច្ចការនេះបាន គឺ ដោយសារយើងមានសុខសន្តិភាព ហើយសុខសន្តិភាពបានដោយសារសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលលោកបានខិតខំតស៊ូតាំងពីដើម រហូតទទួលបានសុខសន្តិភាព ហើយសង្ឃឹមថា យើងនឹងរក្សាបាននូវសុខសន្តិភាពនេះ ដូច្នេះកងកម្លាំងមានកាតព្វកិច្ចការពារសុខសន្តិភាព កងកម្លាំងអព្យាក្រឹតចំពោះគណបក្សនយោបាយ តែកងកម្លាំងមិនអព្យាក្រឹតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ទេ គឺ មានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសារី ត្រឹមត្រូវ និងយុត្តិធម៌ មិនអាចអោយកម្លាំងបដិវត្តន៍ពណ៌ណា មកបំផ្លាញសុខសន្តិភាពដ៏កម្រនេះបានទេ មិនអាចអោយកម្លាំងណា បង្កើតបដិវត្តន៍ពណ៌ នៅលើទឹកដីរបស់យើងបានទេ យើងធ្វើបែបនេះទើបប្រទេសយើងបានសុខ បានសន្តិភាពយូរអង្វែង៕

 

ដោយ ៖ សាលី

CATEGORIES
Share This