លួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) មិនបានមួយថ្ងៃផង ត្រូវសមត្ថកិច្ចនឃាត់ខ្លួន ៦នាក់

ប៉ោយប៉ែត ៖ ជនសង្ស័យ ៦នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីធ្វើសកម្មភាពកាប់យកម៉ូតូ ពីយុវជនបីនាក់ កំពុងបើកបរម៉ូតូតាមផ្លូវជាតិលេខ៥ មុខផ្លូវចូលភោជនីយដ្ឋានកោះឡាហ្វីរ៉ា ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ជ្រៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ។

លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា តាមព័ត៌មានពីជនរងគ្រោះ ដែលមកប្តឹងនៅប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលឈ្មោះ ដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយជនរងគ្រោះមានគ្នាទាំងអស់បីនាក់ដោយពីរនាក់ទៀតមានឈ្មោះ វ័ន រ៉ាយុក ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះឆន សុវណ្ណថៃ ភេទប្រុស អាយុ១៦ឆ្នាំ ។ អ្នកទាំង០៣ បានជីះម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខបន្ទាយមានជ័យ.2A.7822 ចេញពីភូមិមកលែងប៉ោយប៉ែត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ កាំបន្ទះពណ៌ស ជិះគ្នា០២នាក់ ដៃកាន់កាំបិតខ្វែវ១ដើម ជិះអូសកាំបិតលើផ្លូវជាតិ តាមពីក្រោយ ហើយក៏កាប់ជនរងគ្រោះ១កាំបិត ចំខ្នង (អ្នកជិះខាងក្រោយ តែមិនបណ្តាលឲ្យមុតនោះទេ) ហើយពួកវាបានធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចពួកវាយកម៉ូតូ ជិះតាមផ្លូវជាតិទៅទិសខាងលិចបាត់ទៅ ។

លោកអធិការ បានចាត់អោយកំលាំងជំនាញ និងប៉ុស្តិ៍ចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ រួមមាន ៖ ១-ឈ្មោះ ជិន ចក់ ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ ផាត សុភិន ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ សុះ ដារី ភេទប្រុស អាយុ២៣ឆ្នាំ, ៤-ឈ្មោះ ថា បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ, ៥-ឈ្មោះ វង សាវន ភេទប្រុស អាយុ១៦ឆ្នាំ, ៦-ឈ្មោះ មេឺយ សុីម៉េង ភេទប្រុស អាយុ១៧ឆ្នាំ  និងបានដកហូត បានម៉ូតូ២គ្រឿងផងដែរ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងអស់ បានសារភាពថាពួកខ្លួនពិតជាបានកាប់-វាយគេ យកម៉ូតូពីជនរងគ្រោះពិតមែន ។

យោងតាមពាក្យបណ្តឹង និងចម្លើយសារភាពរបស់ជនសង្ស័យ នគរបាលជំនាញបានស្នើរសុំ ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនតាមនីតិវិធីទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ៕

CATEGORIES
Share This