ពលរដ្ឋផ្ទុះការតវ៉ា ស្នើសុំឱ្យឯកឧត្តម គីម រិទ្ធី ជួយរកដំណោះស្រាយជាមួយក្រុមហ៊ុន ឌែលខម ហាមឃាត់មិនឱ្យពួកគាត់រុករករ៉ែមាស នៅតំបន់ភ្នំលុង លក្ខណៈគ្រួសារលើដីកម្មសិទ្ធរបស់ខ្លួន
ព្រះវិហារ៖ ប្រជាពលរដ្ឋនៅភូមិរំដេង ស្នើសុំឱ្យឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជួយ រកដំណោះស្រាយជាមួយក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) ពាក់ព័ន្ធការហាមឃាត់មិនឱ្យប្រជាពលរដ្ឋរុករកជីករ៉ែមាស ស្ថិតនៅភូមិរំដេង តំបន់ភ្នំលុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ជាលក្ខណៈគ្រួសារលើដីកម្មសិទ្ធរបស់ខ្លួន ។
ការបិទពួកគាត់មិនឱ្យជីករុករករ៉ែមាសជាលក្ខណៈគ្រួសានៅលើដីកម្មសិទ្ធរបស់ពួកគាត់ ប្រជាពលរដ្ឋ បានលើកលើងថា ក្រុមហ៊ុន ឌែលខម អាជ្ញាធរស្រុករវៀងនិងមន្ទីរជំនាញរ៉ែ និងថាមពលខេត្ត បានហាមឃាត់មិនឱ្យពួកគាត់ជីករុករករ៉ែមាសនៅលើដីកម្មសិទ្ធរបស់ពួកគាត់ ខណៈពួកគាត់ជីករ៉ែមាសលក់យកលុយដើម្បីផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារពួកគាត់ ពីព្រោះប្រជាជននៅភូមិរំដេងទាំងអស់៩៥ភាគរយ រស់ពឹងផ្អែកលើកការជីកយករ៉ែមាស បានកម្រៃតិចតួចចិញ្ចឹមជីវិតបើក្រុមហ៊ុន និងអាជ្ញាធរបិទមិនឱ្យពួកគាត់រកតើពួកគាត់រស់បានដោយរបៀបណា ។
ប្រជាពលរដ្ឋនៅភូមិរំដេង បានលើកឡើងចោទអាជ្ញាធរស្រុករវៀង និងមន្ទីរជំនាញថា ឃុនឃិតជាមួយក្រុមហ៊ុន ឌែលខម ខេមបូឌា កៀតសង្កត់បិទសិទ្ធពួកគាត់មិនឱ្យធ្វើការរុករករ៉ែមាស លក់យកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈពួកគាត់ធ្វើនៅលើដីកម្មសិទ្ធរបស់ពួកគាត់ ។
ពាក់ព័ន្ធបញ្ហានេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានប្រាប់អ្នកយកព័ត៌មានថា លោកមិនហាមឃាត់ប្រជាពលរដ្ឋដែលជីករុករករ៉ែមាសទេ តែលោកហាមប្រជាពលរដ្ឋមិនអោយប្រើគ្រឿងចក្រ ឡានបែន នឹងបំផ្ទុះថ្មដោតប្រើរំសេវ និងធ្វើអាងគីមី ។លោក ហោ ប៊ុនហួរ បានបន្ថែមទៀតថា កន្លងមកប្រជាពលរដ្ឋ គាត់ប្រើប្រាស់មធ្យោបាយជីរុករករ៉ែមាស ដោយប្រើគ្រឿងចក្រ ទើបក្រុមហ៊ុនហាមមិនអោយជីក តែយ៉ាងណាក្នុងនាមលោកជាអាជ្ញាធរត្រូវនៅកណ្តាល មិនកាន់ជើងខាងណាទេនឹងបន្តសម្របសម្រួលរឿងនេះអោយទទួលយកបានទាំងអស់គ្នា ។
សម្រាប់លោក ស៊ុន ច័ន្ទរក្សាប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ មិនអាចទាក់ទងសុំការបញ្ជាក់បានទេ នៅរសៀលថ្ងៃទី២៦ ខែមេសានេះ។ ចំណែកតំណាងក្រុមហ៊ុន ឌែលខម ខេមបូឌាក៏មិនអាចសុំការបកស្រាយបានទេ ដោយសាគ្មានប្រភពទំនាក់ទំនង។
គួរម្លឹកផងដែរ កន្លងមកសកម្មភាពជីកកកាយរុករក និងបូមយករ៉ែមាស កើតមានពេញបន្ទុករបស់អភិបាលស្រុករវៀង និងឈ្មួញជាច្រើននាក់ ពួកគេជីកកកាយរុករក ធ្វើអាជីវកម្មរ៉ែមាសរាប់រយរណ្ដៅដោយខុសច្បាប់ ក្នុងតំបន់ភ្នំលុង ភូមិរំដេង ឃុំរមទម ដោយគ្មានញញើតអ្វីទាំងអស់។ ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋ បានដាក់ការសង្ស័យថា មានការឃុបឃិតបើកដៃពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធ និងអភិបាលស្រុករវៀងឈ្មោះ ហោ ប៊ុនហួរ ថ្នាក់ឃុំថ្នាក់ស្រុក តាមរបៀបពុករលួយពីក្រុមឈ្មួញជីកកកាយរ៉ែមាសអានាធិបតេយ្យជាថ្នូរមិនបង្ក្រាប។
ប្រភពខ្លះ បានបង្ហើបឲ្យដឹងថា អាជីវកម្មរ៉ែមាសរាប់រយរណ្ដៅខុសច្បាប់ជាច្រើនកន្លែងក្នុងស្រុករវៀង គឺជាប្រភពចំណូលមិនចេះរីងស្ងួតរបស់លោក ហោ ប៊ុនហួរនិងលោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ទើបអ្វីៗប្រព្រឹត្តទៅដោយរលូន។
សូមបញ្ជាក់ថា មានការបែកធ្លាយសំណេរ ស្នើសុំដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដកដំណែងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ចេញពីអភិបាលស្រុក ព្រោះអភិបាលស្រុករូបនេះ ប្រកាន់បក្សពួក គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន៕