បុរសម្នាក់ ត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់ យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសម្នាក់រត់ចេញក្រៅ នៅពេលមេឃកំពុងធ្លាក់ភ្លៀង ក៏ត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់ យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង១៨និង៥៣នាទី ថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិតាំងយូរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ ខាន់ លីដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិលំផាត់​ ឃុំអូរដា ស្រុកកំរៀង​ ខេត្តបាត់ដំបង ហើយបើយោងតាមការបំភ្លឺរបស់ឈ្មោះ ផៃ សុផាត​ ភេទប្រុស​  អាយុ២៨ឆ្នាំ បានបំភ្លឺអោយដឹងថា កាលពីវេលាម៉ោង១៨និង២០នាទីក្រោយពីសម្រាកពីការងារខ្លួនរួមជាមួយឈ្មោះ រ័ត្ន​ភេទប្រុស​ ឈ្មោះ ប៉ាវ​ លីហុង ភេទប្រុស​ ឈ្មោះ សៀប​ លីយ៉ា ភេទប្រុស​ និង​ ឈ្មោះ​ ខាន់​ លីដា ដែលជាជនរងគ្រោះបាននាំំគ្នាហូបបាយ បន្ទាប់ពីហូបរួចនៅម៉ោងប្រហែល១៨និង៥៣នាទី មេឃក៏មានភ្លៀងធ្លាក់លាយឡំនិងផ្គរន្ទះពេលនោះឈ្មោះ ខាន់ លីដា​ បានរត់យកថង់ទៅគ្របបំពង់ស៊ីម៊ាំងអាបុលឈូសដី​ រួចក៏នៅលេងទឹកភ្លៀងពីមុខរថយន្តដឹកដីរបស់ខ្លួន ភ្លាមនោះក៏ស្រាប់តែឭសំឡេងរន្ទះបាញ់និងបែកផ្កាភ្លើងនៅក្បែរឈ្មោះខាន់ លីដា ក៏ឃើញឈ្មោះ ខាន់​ លីដា ដួលនៅលើដីរួចក៏នាំគ្នាយកទៅមណ្ឌលសុខភាពត្រាងតែគ្រូពេទ្យបានប្រាប់ថាស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានចុះទៅធ្វើការត្រួតពិនិត្យសាកសព ដោយនៅលើដងខ្លួនសាកសពមានស្នាមជាំក្រម៉ៅនៅផ្នែកខ្នង ហើយបានសន្និដ្ឋានថាសាកសពពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ឲ្យម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This