រដ្ឋបាលខេត្តប៉ៃលិន បដិសេធនឹងការចុះផ្សាយព័ត៌មាន “នៅខេត្តប៉ៃលិន ហេតុអ្វីរាស្ត្រសុំច្បាប់សាងសង់មិនបាន ខណៈដែលមន្ត្រីធំៗ អាចសាងសង់បានដោយគ្មានច្បាប់ ?”
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសព័ត៌មាន ជំរាបជូនសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ ឆ្លើយតបទៅនឹងការចុះផ្សាយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លើទំព័រហ្វេសប៊ុករបស់អង្គភាពសារព័ត៌មាន ជីវិត និងកីឡា Live ចុះផ្សាយថា ៖ “នៅខេត្តប៉ៃលិន ហេតុអ្វីរាស្ត្រសុំច្បាប់សាងសង់មិនបាន ខណៈដែលមន្ត្រីធំៗ អាចសាងសង់បានដោយគ្មានច្បាប់ ?” ។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តប៉ៃលិន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន សូមធ្វើការបដិសេធទាំងស្រុងអំពីខ្លឹមសារ ព្រោះថា រដ្ឋបាលខេត្តកំពុងធ្វើការងារនេះជាមួយមន្ទីរ អង្គភាពជំនាញ មេធាវីប្រចាំរដ្ឋបាលខេត្ត តាមនីតិវិធីច្បាប់ កន្លងមករដ្ឋបាលខេត្តធ្លាប់បានទទួលលិខិតស្នើសុំពីសាមីខ្លួន (លោក ភួង សាវុធ និងលោកស្រី ជឹង យូគៀន) ពិតប្រាកដមែន ប៉ុន្តែនៅពេលរដ្ឋបាលខេត្ត ចាត់ឱ្យមន្ត្រីសហការជាមួយមន្ទីរជំនាញ និងរដ្ឋបាលស្រុក ធ្វើការចុះពិនិត្យជាក់ស្ដែងដល់ទីតាំងឃើញថា ៖ ម្ចាស់សំណង់ ធ្វើការសាងសង់សំណង់ នៅមុនពេលដែល រដ្ឋបាលខេត្ត មិនទាន់ចេញលិខិតអនុញ្ញាតឲ្យសាងសង់ ។ ម្ចាស់កាន់កាប់ដី (លោក ភួង សាវុធ និងលោកស្រី ជឹង យូគៀន) បានជួលដីឲ្យទៅភាគីអ្នកជួល (លោក រឿន បុរី) តម្រូវឲ្យភាគីអ្នកជួល ជាអ្នកស្នើសុំលិខិតអនុញ្ញាតសាងសង់ (មូលហេតុ ម្ចាស់កាន់កាប់ដី មិនព្រមទទួលស្គាល់លើពាក្យសុំលិខិតអនុញ្ញាតសាងសង់) ។ អ្នកសាងសង់ គ្មានអាជ្ញាប័ណ្ណ ឬវិញ្ញាបនប័ត្របញ្ជាក់ការអនុញ្ញាតឲ្យប្រកបអាជីវកម្ម ផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូរូបនីយកម្ម និងសំណង់ ។ ស្ថានភាពដីនិងលក្ខណៈកាន់កាប់ដីសាងសង់ នៅលើក្បាលដីលេខ AI1255, AIO1257, AI1258 មិនបានយកមកបង្រួមក្បាលដីតែមួយប្លង់ ។ ក្បាលដីទាំងបីជាប្រភេទដីកសិកម្ម តម្រូវឲ្យប្ដូរប្រភេទដីពីរដីកសិកម្ម មកជាប្រភេទដីសាងសង់ជាមុនសិន ។
រដ្ឋបាលខេត្តប៉ៃលិន សង្ឃឹមថា សាធារណជន អ្នកសារព័ត៌មាន ជាពិសេសអង្គភាពសារព័ត៌មាន ជីវិត និងកីឡា Live និងបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបជូនព័ត៌មាន ៕