ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ៥៥គ្រួសារ ទទួលអំណោយ កាកបាទក្រហមកម្ពុជា

បន្ទាយមានជ័យ ៖ គ្រួសារប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥៥គ្រូសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ។

ការប្រគល់អំណោយនេះប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាបាន និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា  ក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកក្រក ឃុំ សង្កាត់ មេភូមិ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមខេត្តជាច្រើននាក់ទៀតផងដែរ ។

ពលរដ្ឋទទួលអំណោយ សរុបមានចំនួន៥៥គ្រួសារ ក្នុងនោះមានអ្នករបួស២នាក់ ចែកចេញជា ២ទីតាំង រួមមាន ៖ ទីតាំងទី១ នៅក្នុងបរិវេណវត្តចន្ទស៊ី ឃុំកូប ស្រុកអូរជ្រៅ លើ៦ឃុំ នៃស្រុកអូរជ្រៅ មានគ្រួសារទទួលអំណោយចំនួន២៧គ្រួសារ ។ ទីតាំងទី២ នៅក្នុងបរិវេណវត្តបរមនាវាសម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ លើ៣សង្កាត់ នៃក្រុងសិរីសោភ័ណ មានគ្រួសារទទួល អំណោយចំនួន២៨គ្រួសារ និងអ្នករងរបួសចំនួន២នាក់ ស្រី១នាក់ ។

ឯកឧត្តម អ៊ុំ រាត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគួរពី សុខទុក្ខបងប្អូនគ្រប់ៗគ្នា ទូទាំងប្រទេស ។  ក្នុងនោះ ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់បងប្អូនដែលមានវត្តមាននៅពេលនេះ សូមបងប្អូនបង្កើនការយកចិត្តទុកដាក់ពីបាតុភូតផ្គររន្ទះ ពេលមេឃរកភ្លៀង សូមបងប្អូនរកកន្លែងដែលមានសុវត្ថិភាព  កុំជ្រកក្រោមដើមឈើ និងកុំនៅហាលវាល ម៉្យាងវិញទៀតសូមបងប្អូនថែរក្សាសុខភាព ព្រោះប៉ុន្មានថ្ងៃនេះ មេឃមានការឡើងកំដៅខ្លាំង សូមអ្នកទាំងអស់គ្នា ហូមទឹកអោយបានច្រើន ពេលចេញធ្វើដំណើរទៅខាងក្រៅ សូមពាក់សម្លៀកបំពាក់អោយបានជិតល្អ ។

សូមបញ្ជាក់ថា អំណោយដែលត្រូវបានប្រគល់ជូន ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មីយ៉ាំយ៉ាំ១កេសតូច, ត្រីខ១យួរ, ទឹកត្រី១យួរ, មុង១,  ភួយ១, សារុង១, ក្រមា១, ទឹកសុទ្ធ១យួរ និងថវិកា២ម៉ឺនរៀល ។ សម្រាប់អ្នករបួស ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល ៕

CATEGORIES
Share This