ក្មេងទំនេីង ៣នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា
បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើង ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា នូវទ្រព្យសម្បតិ្តអ្នកដទៃ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនខាងលើ រួមមាន ៖ ១.ឈ្មោះ សុផល់ ភិមផា ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបារាយ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ២.ឈ្មោះ ជាតិ ចូច ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ៣.ឈ្មោះ ហយ យាំងគួ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកបន្តថា នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្សារចំការគ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនសង្ស័យ បានធ្វើសកម្មភាព ប្រើកាំបិត ដេញកាប់ ជនរងគ្រោះឈ្មោះ ហ៊ីង ព្រហស្បតិ៍ ភេទប្រុស អាយុ២៤ឆ្នាំ និងបក្ខពួកម្នាក់ទៀតបណ្តាលឲ្យរងរបួស និងខូចខាតម៉ូតូ ហើយរហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ស្រាវជ្រាវឃាត់ខ្លួនបានជាមួយម៉ូតូហុងដាឌ្រីម ចំនួន២គ្រឿង និងកាំបិត២ដើម ។
លោកមេបញ្ជាការ បញ្ជាក់ថា តាមការសាកសួរពីជនសង្ស័យ មូលហេតុដែលនាំឲ្យកើតមានអំពើរហិង្សានេះ គឺ ផ្តើមចេញពី ការផឹកស៊ីហើយឌឺដងដាក់គ្នា ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនជាបន្តបន្ទាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕