ឪពុកម្តាយ រវល់ទៅស៊ីឈ្នួលធ្វើការអោយគេ កូនប្រុសអាយុ៥ឆ្នាំ យកដែកកេះដុតផ្ទះ ឆេះអស់ទាំងស្រុង

បាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះផ្ទះ ពលរដ្ឋ០១ខ្នងទាំងស្រុង នៅវេលាម៉ោង១៥និង១៥នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចរលួសដំណាក់រាំង ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំប្រវែង៥ម៉ែត្រ គុណនឹង៤ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្បូវ ដែលករណីអគ្គិភ័យនេះ បង្ករឡើងដោយក្មេងប្រុសម្នាក់ឈ្មោះ គុជ ណារ៉ុង អាយុ៥ឆ្នាំ ជាកូនបង្កើតរបស់ម្ចាស់ផ្ទះឈ្មោះ គុជ រ៉េត ភេទប្រុស អាយុ២៩ឆ្នាំ និងម្តាយឈ្មោះ ចម ខ្នា អាយុ២៣ឆ្នាំ បានយកដែកកេះដុតបណ្តាលអោយឆេះអស់ទាំងស្រុង ខណៈពេលដែលឪពុកម្តាយមិននៅផ្ទះ ជាប់រវល់ទៅស៊ីឈ្នួលធ្វើការងារអោយគេ ។

សម្ភារៈខូចខាតរួមមាន ៖ សំលៀកបំពាក់, អង្ករ៥០គីឡូក្រាម, ប្រាក់ខ្មែរ ២៥០០០រៀល, អត្តសញ្ញាណប័ណ្ណ២សន្លឹក, កាតចាក់វ៉ាក់សាំង២សន្លឹក, សំបុត្រកំណើត៣សន្លឹក និងប័ណ្ណក្រីក្រ១សន្លឹក សរុបជាទឹកប្រាក់អស់ប្រហែល ៣០០០០០០រៀល(បីលានរៀល) តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យនេះដែរសមត្ថកិច្ចជំនាញមិនបានចេញរថយន្តពន្លត់អគ្គីភ័យទេ ដោយសារមិនបានទទួលដំណឹង ៕

ដោយ ៖ សាលី

CATEGORIES
Share This