កុងស៊ុលជប៉ុនប្រចាំខេត្តពាយព្យនៃកម្ពុជា ៖ ជំនួយសាងសងផ្លូវជាតិលេខ៥ មិនត្រឹមតែភ្ជាប់កម្ពុជា និងថៃទេ វាថែមទាំងធ្វើអោយសេដ្ឋកិច្ចកម្ពុជាប្រសើរឡើង
បន្ទាយមានជ័យ ៖ លោក KAWAGUCHI Masaki ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាបបានលើកឡើងថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយជាប់នឹងប្រទេសថៃ មានសារៈសំខាន់ លើការចរាចរណ៍ទំនិញ និងប្រជាពលរដ្ឋលើវិស័យសេដ្ឋកិច្ច ដូចនេះជំនួយរបស់រដ្ឋាភិបាលជប៉ុន កំពុងតែស្ថាបនាផ្លូវជាតិលេខ៥ វាមិនត្រឹមតែបានផ្សាភ្ជាប់រវាងកម្ពុជាជាមួយថៃនោះទេ វាថែមទាំងបានរួមចំណែកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច កាន់តែប្រសើរឡើងថែមទៀត លើការដឹកជញ្ជូនទំនិញ ជាពិសេសនៅក្រុងប៉ោយប៉ែតតែម្តងដែលមានក្រុមហ៊ុនជប៉ុនជាច្រើន បាននឹងកំពុងវិនិយោគ ។
ការលើកឡើងដូច្នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក KAWAGUCHI Masaki ជាមួយឯកឧត្តម សេរី កុសល អ្នកដំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅនឹងទីស្នាក់ការសភា មណ្ឌលខេត្តបន្ទាយមានជ័យ ។
លោកប្រធានការិយាល័យកុងស៊ុលជប៉ុន បានថ្លែងអំណរគុណ ចំពោះអ្នកតំណាងរាស្រ្កណ្ឌលខេត្តបន្ទាយមានជ័យ ដែលបានអនុញាអោយលោកជួបសម្តែងការគួរសម ហើយលោកសង្ឃឹមថា តាមរយៈជំនួបនេះ នឹងធ្វើអោយចំណងមិត្តភាពកម្ពុជាជប៉ុន កាន់តែប្រសើឡើង ។
លោកក៍បានលើកឡើងទៀតថា ការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ទទួលបន្ទុកខេត្តចំនួន៥ រួមមានខេត្តសៀមរាប ខេត្តឧត្តមមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម សេរី កុសល អ្នកតំណាងរាស្រ្កមណ្ឌលខេត្តបន្ទាយមានជ័យ ក៏មានសង្ឃឹមយ៉ាងមុតមាំផងដែលថា វត្តមានកុងស៊ុលជប៉ុននៅខេត្តនៃភាគពាយព្យ នៃប្រទេសកម្ពុជា នឹងមានឥទ្ធិពលធំធេងលើវិស័យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចំរើនជាពិសេសខេត្តបន្ទាយមានជ័យតែម្តង ដែលមានអ្នកវិនិយោគ និងអ្នកបច្ចេកទេសជប៉ុន កំពុងតែមានវត្តមាននៅក្រុងប៉ោយប៉ែត ។
ឯកឧត្តមបានបន្តទៀតថា តាមរយៈកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយប្រទេសមានសន្តិភាព និងអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ មិនថែមតែប៉ុណ្ណោះ កម្ពុជាអាចរៀបចំកម្មវិធីធំធំជាច្រើន ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលទទួលបានជោគជ័យ ៕