ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចោរកម្ម នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី ចោរកម្មនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនខាងលើមានឈ្មោះ វើយ ធូ ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្រោយផ្ទះសំណាក់មនោរម្យ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក្រោយធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P-4982 កាលពីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ របស់ជនរងគ្រោះឈ្មោះ ជោ ជីវ័ន ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ ហាក់ ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ខណ:ជិះមកលេងម្ដាយក្មេក ហើយទុកម៉ូតូនៅមុខផ្ទះ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួច បានសារភាពថា រូបខ្លួនពិតជាបានប្រព្រឹត្តអំពើលួចម៉ូតូពិតប្រាកដមែន ហើយខ្លួនក៏ធ្លាប់ជាប់គុក២ដងហើយដែរ ។
យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកម៉ូតូ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕